រឿង៖ ផ្ទះចាស់ My old home town (ភាគ០៣)

Credited by: Channy Mon

សំលេងឆ្កែលូ មិនដាច់សូរ គ្រលួច ខ្យល់បក់បោកខ្លាំង តែគ្មានភ្លៀងផ្គរឡើយ ខ្ញុំមិនយល់ទេ អារម្មណ៍ពេលនេះ សោកសៅ ហើយធុញថប់ខ្លាំងណាស់ យូរៗម្តង ខ្ញុំលឺសំរិបជើងឡើងកាំជណ្តើរ ហើយក៏ស្ងាត់ទៅវិញ ខ្ញុំហាក់ដូចជាមានអារម្មណ៍ខ្លាចបន្តិចបន្តួចឡើងមកហើយ។
ខ្ញុំចាប់ផ្តើមបើកទ្វារហើយបំរុងនឹងដើរទៅរកសំលេង ដែលឡើងកាំជន្តើរនោះ តើជាស្រីភួងមែនទេ? ខ្ញុំទាញគន្លឹះបើកតិចៗ ស្រាប់តែផ្សែងហ៊ុយទ្រលុម លេចចេញ រូបរាងជីតាខ្ញុំ នៅនឹងភ្នែកស្រស់ៗ ខ្ញុំពិតជាភ័យណាស់ ហើយបិទទ្វារយ៉ាងលឿន ស្ទុះមកអង្គុយដកដង្ហើមមួយៗ តើហេតុអ្វីទើបខ្ញុំត្រូវខ្លាចជីតាខ្លួនឯងទៅវិញ? កំពុងតែគិត ស្រាប់តែក្រឡេកភ្នែកទៅ វ៉ាកអើ និងបុរសចំណាស់ម្នាក់អង្គុយលើកៅអី ញញឹមមករកខ្ញុំ គឺជាជីតាខ្ញុំ ខ្ញុំក៏ថយក្រោយ២ជំហាន បំរុងរត់គេចតែគាត់ឃាត់ទាន់ ៖ ចៅបំរុងទៅណា? ស្តាប់តានិយាយសិន? ហេតុអ្វីមិនសំពះ ជំរាបសួរតា កុំខ្លាចតាអី តាមិនមកធ្វើអ្វីអាក្រក់ដល់ចៅខ្លួនឯងទេ ចូលមកត្រង់នេះមកវិជាតិ !

ខ្ញុំពិតជាខ្លាច ហើយក៏នឹកស្មានមិនដល់ដែរ ថាខ្ញុំជួបខ្មោចពិតៗ ខ្ញុំសួរទាំងរដាក់រដុប៖ ក្រែងលោកតាស្លាប់ហើយតើមែនទេ? ហើយមុននេះនៅខាងក្រៅសោះ តើហេតុអ្វីក៏ចូលមកក្នុងបាន?

តា៖ តាំងចិត្តឲ្យស្ងប់ ស្តាប់តាអធិប្បាយណាវិជាតិ ស្អែកចៅត្រូវត្រឡប់ទៅវិញ ហើយចៅកុំទៅតាមការហៅរបស់ស្រីភួងឲ្យសោះ ទីនោះមានគ្រោះថា្នក់ណាស់ (និយាយមិនទាន់ដឹងរឿងផង ក៏រលាយបាត់រូបរបស់គាត់ទៅ ចម្ងល់កាន់តែគ្មានចម្លើយថែមទៀតហើយ)

សំលេងស្រែកហៅឈ្មោះខ្ញុំល្វើយៗ លឺគ្រលួចពីចុងម្ខាងនៃរបង ខ្ញុំមិនហ៊ានឆ្លើយទេ តែខ្លួនរបស់ខ្ញុំបែរជាដើរចុះកាំជណ្តើរ តំរង់ទៅរកសំលេងហៅនោះ ៖ វិជាតិ មកខាងនេះមក….. វិជាតិ មកឲ្យឆាប់ឡើង វិជាតិ….

គ្មាននរណាហាមមិនឲ្យខ្ញុំ មិនឲ្យទៅរកសំលេងអន្ទងហៅនោះឡើយ ! នៅតាមផ្លូវ មានស្រមោលជាច្រើន ដើរតាមខ្ញុំ តែខ្ញុំពុំដឹងថានោះជាអ្វីឡើយ។ អ្វីដែលខ្ញុំ សំគាល់ឃើញនោះ គឺមាននារីម្នាក់ មានបបូរមាត់ខ្មៅមុខឡើងសស្លាំង ឈរចាំខ្ញុំ នៅក្បែររបងផ្ទះ នាងជាស្រីភួង តែសភាពនាងពេលនេះ ប្រៀបដូចជាខ្មោចឆៅ កែវភ្នែកនាង ឡើងក្រហម ហើយនាងចាប់ទាញដៃខ្ញុំ អូសទៅមុខយ៉ាងលឿង ខ្ញុំសំគាល់ឃើញថា នាងមានដៃត្រជាក់ស្រេប ខ្ញុំក៏ចាប់ផ្តើមសួរនាង៖ ស្រីភួង នាងនាំខ្ញុំទៅណា? តើហេតុអ្វីក៏នាងមានសភាពរាងកាយប្រែប្រួលបែបនេះ?

ស្រីភួង ៖ បងវិជាតិ ខ្ញុំនាំបងទៅមើលបងស្រីខ្ញុំ ! គាត់ រស់ពុំបានយូរទេ ! ហើយ យប់នេះជាយប់ចុងក្រោយ ! សូមបងមេត្តាដើរឲ្យលឿនបន្តិចទៅ !
ពេលនេះខ្ញុំមកដល់ លើផ្ទះរបស់ខ្ញុំវិញហើយ តែអ្វីដែលប្លែក ទីនេះមិនមែនផ្ទះខ្ញុំទេ គ្រាន់តែវាមានសភាពស្រដៀងគ្នាប៉ុណ្ណោះ។ ខ្ញុំឃើញរូបថត ពួកយើងទាំងបីនាក់ កាលវ័យកុមារ ព្យួរយ៉ាងធំនៅលើជញ្ជាំង តើហេតុអ្វីបានជាខ្ញុំ បំភ្លេច មនុស្ស២នាក់ដែរតែងតែងនឹកដល់ខ្ញុំគ្រប់ពេល តើប៉ុន្មានឆ្នាំមកនេះពួកនាងរស់នៅយ៉ាងដូចម្ត៉េចទៅ បានជាមានសភាព ខុសពីមនុស្សដទៃបែបនេះ។

មនុស្សម្នាក់ អង្គុយបែរខ្នង លើកៅអីវិល កំពុងតែបែរមុខសន្សឹមៗ មករកខ្ញុំ តែអ្វីដែលខ្ញុំ ភ្ញាក់ផ្អើលនោះ គឺនាង មានសភាពជា មនុស្សស្រីចាស់ជរា ហើយស្លេកស្លាំងបំផុតរកពាក្យអ្វីនិយាយមិនបានឡើយ។

ស្រីភួង៖ បងស្រីនេះជាវិជាតិ គេមកហើយ មករកយើងហើយ ! (ការពិតនាងជាមាលាសោះ ហេតុអ្វីក៏នាងប្រែទៅជាបែរនេះទៅវិញ)

វិជាតិ៖ មាលា ខ្ញុំមិននឹកស្មានសោះថានាង ចាស់ដល់ម្លឹង? តើនាងមានជំងឺអ្វី នាងប្រាប់ខ្ញុំមកចុះ ខ្ញុំជាវេជ្ជបណ្ឌិត យ៉ាងហោចណាស់ខ្ញុំអាចជួយសំរាល ដល់ជំងឺនាងខ្លះ ជាជាងការមកសំងំ តែក្នុងផ្ទះបែបនេះ។

មាលាញញឹមហើយ ងក់ក្បាលតិចៗ ញ័រៗ ក្នុងសភាពអស់កម្លាំង៖ ខ្ញុំមិនអាចព្យាបាលបានទេ ខ្ញុំមានជំងឺតំណរពូជ ហើយអ្វីដែរសំខាន់ ខ្ញុំចង់ជួបមុខវិជាតិជាលើកចុងក្រោយ ហើយខ្ញុំសុំផ្តាំវិជាតិឲ្យជួយមើលថែប្អូនស្រីខ្ញុំផង នាងជាអ្នកស្នងវេនបន្ត ពីខ្ញុំ តែខ្ញុំមិនចង់ឲ្យនាង ដូចខ្ញុំឡើយ។

វិជាតិ៖ តើនាងចង់និយាយពីអ្វីទៅ ខ្ញុំមិនសូវយល់ទេ?

មាលាក៏បន្តនិយាយទាំងដង្ហក់ ធ្វើឲ្យស្រីភួងហូរទឹកភ្នែក មិនឈប់សោះ៖ វិជាតិដឹងទេ ម្តាយរបស់ខ្ញុំ តែងតែ ប្រែក្លាយទៅជាសត្វឈ្លើងធំមួយនៅពេល រាត្រី ហើយមិនដឹងថា អំពើអាបធ្មប់នេះ វាដាក់ទារុណកម្មមកលើគាត់ជាខ្លាំងប៉ុណ្ណាទេ គាត់មិនហ៊ានចេញក្រៅទៅបឺតឈាមសត្វឫមនុស្សណាឡើយ គាត់តែងតែ វាតិចៗ មកបឺតឈាមខ្ញុំនឹងស្រីភួង ដោយគាត់អាណិតខ្ញុំពេក គាត់ទ្រាំអត់ជញ្ជក់ឈាម ធ្វើឲ្យគាត់ប្រកាច់ម្តងៗ ពួកខ្ញុំអាណិតគាត់ណាស់ ហើយព្រមឲ្យគាត់បឺតឈាមស្ទើររាល់ថ្ងៃ។ តែយូរៗទៅ គាត់ក៏សុខចិត្តសំលាប់ខ្លួន ចោលពួកយើងទៅ តែអ្វីដែលពួកយើង គិតវាមិនខុសឡើយ ព្រលឹងអាសុរៈកាយនោះ វាចូលមកក្នុងខ្លួនខ្ញុំម្តង ខ្ញុំទ្រាំ នឹងសភាពឈឺចាប់ស្ទើរតែរាល់ថ្ងៃ ព្រោះតែមិនចង់បន្តរ ការស្នងដំណែកទៅដល់ប្អូនស្រី…..។

ស្រីភួងទ្រាំមើលបងស្រីស្លាប់មិនបាន នាងស្ទុះទៅយកកាំបិត ចាក់ដៃហើយប្រគល់ដៃនាងប្រលាក់ឈាមឲ្យទៅបងស្រី៖ បងមាលា សូមបងមេត្តាជញ្ជក់ឈាម ខ្ញុំម្តងទៀតទៅបងដើម្បីបន្តជីវិតរស់នៅ ខ្ញុំសូមអង្វរ…. នាងយំផងស្រែកផង ក្នុងសភាព សោកសៅ ព្រោះមិនចង់ឲ្យបងស្រីនាងស្លាប់ឡើយ ត្បិតនាងនៅសល់បងប្អូនតែ២នាក់គត់….!

ខ្ញុំទើបតែដឹងទេថា សភាពស្លេកស្លាំងរបស់នាងទាំងពីរ មកពីការបឺតឈាមបន្តគ្នាសោះ៖ តើខ្ញុំត្រូវធ្វើអ្វី ទើបអាចជួយពួកនាងបាន ? តើនាងធ្វើអ្វីជាមួយពួកអាសុរៈកាយនោះ? (ខ្ញុំស្ទុះទៅលើកស្រីភួងមករុំដៃព្រោះនាង ហូរឈាមដៃច្រើនណាស់)

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានភាគវែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s