រឿង៖​ Mr. Money (ទឹកចិត្តស្មោះរបស់ប្រាក់)

Part I

នៅក្នុងភូមិដាច់ស្រយាលមួយ មានបុរសទុរគតម្នាក់ឈ្មោះប្រាក់ តែប្រាក់មិនមានជីវភាពធូរធារឫមានប្រាក់ ដូចឈ្មោះឡើយ។

គាត់រស់នៅលើដីចំការមួយកន្លែងដែលបន្សល់ពីឪពុកម្តាយដែរចែកឋានចោលគាត់ ទុកអោយគាត់ ដែរគ្មានបងប្អូន ជាកូនទោល រស់នៅតែឯង ដូចខ្លែងដាច់ខ្សែកាលពី៨ឆ្នាំមុន ហើយមិនបានរៀនសូត្របានជ្រៅជ្រះដូចក្មេងដទៃក្នុងភូមិ។

ប្រាក់ឆ្នាំនេះ ពេញកំលោះស្តូក អាយុ២៣ឆ្នាំ ក្រៅពីធ្វើចំការស្រែ គាត់ទើបបានការងារថ្មីមួយ គឺធ្វើជាអ្នកយាមនៅតាមប្រាសាទ ជុំវិញតំបន់អង្គរធំ ឫអង្គរវត្តនិងតាមកន្លែងផ្សេងៗដែរគេចាត់តាំង។ ប្រាក់ជាមនុស្សល្អនិងស្មោះត្រង់ អ្នកភូមិក្មេងចាស់តែងតែគោរពស្រលាញ់ ខុសពីយុវជនដទៃទៀតដែលមានជីវភាពធូរធារ តែមិនគិតខំសិក្សារៀនសូត្រ។ ជាមួយបង្វិចបាយ ដាក់លើដៃកង់ យុវជនប្រាក់ ក្នុងសំលៀកបំពាក់ឆ្មាំប្រាសាទ ប្រឹងធាក់កង់យ៉ាងលឿន ស្ទើរប៉ើងមួកត្នោតរហែក សំរាប់បាំងកំដៅថ្ងៃ របស់គាត់។ អ៊ុំស៊ុមអ្នកជិតខាងស្រែកជាមួយភាសាររដឺនមានស្នេហ៍របស់គាត់ ៖ អាប្រាក់វ៉ើយ អារែងប្រញាប់អីយ៉ាងនេះ ជិះកង់ឡើងហ៊ុយដី ហ៎ា ប្រយ័ត្នបុកគោអាញខាងមុននេះវ៉ើយ !… ប្រាក់តបទាំងទាញមួកដែរហោះតាមកំលាំងខ្យល់ ងាកមើលតាមសំលេងពូស៊ុម ៖ ពូ ! ខ្ញុំដេកជ្រុល ហួសម៉ោងទៅធ្វើការហើយ ! (ស្រាប់តែគោដែរនៅខាងមុខ ដើរទាំងហ្វូង រាំងផ្លូវ ប្រាក់គេចស្ទើរមិនទាន់ ហួសទៅចូលដុបបន្លា រពាក់ក្បែរនោះ) ពូស៊ុម រត់ត្រហេបត្រហប ពីចំងាយដោយក្តីបារម្ភ ៖ អាវ៉ា ម៉េចទៅហើយ ! ហ៎ាស ! ងាប់ហើយ ស្ងៀតជ្រាប អាវ៉ាវ៉ើយអាវ៉ា ! (ប្រាក់ទៅហោះ មកវិញវាដោយអការៈខ្សោះ ជាប់ជាមួយបន្លាមកផង) មុខដ៏សង្ហា សំបុរខ្មៅស្រអែម ដាច់ឈាមតិចៗ តាមដៃជើង) ពូស៊ុមមនុស្សមិនជួយទេ រត់ទៅលើកកង់ មើលស្តាំមើលធ្វេង ពិនិត្យហើយពិនិត្យទៀត ប្រាក់និយាយទាំងហួសចិត្ត៖ ពូ ! ខ្ញុំឯណេះឈឺចង់ស្លាប់ មិនជួយទេ បែរជាទៅជួយកង់ឯណោះទៅវិញ គ្មានយុត្តិធម៍សោះពូ ! ពូយើងក៏ដោះកន្សែងចង់ចង្កេះ ហ៊ុចអោយប្រាក់ជួតខ្លួន ៖ អើ ! វាជាកង់អាញ ! អាឯងជិះថែផង ! តិចខូចបានលុយឯណាសងអាញ ! ប្រាក់ស្រែក៖ ចុះកន្សែងពូ ម៉េចក៏ឆ្អេះម្ល៉េះ ? ពូស៊ុម៖ អើកន្សែង​ទើបស្ងួត អាញស្លៀកចុះត្រពាំងលាងក្របី រួចក៏នោមដាក់ ហាហាហា ! (គាត់សើច ទាំងមើលមុខប្រាក់ដែរ ធ្វើមុខជូរ) ប្រាក់៖ ពូអ្ហើយ !  ខ្ញុំយឺតមែនទែនហើយ តិចលោ គេដឹងគេពិន័យកាត់លុយប្រាក់ខែទៅ ពូជួយរកស្បែកជើងអោយខ្ញុំផង ! (ពូស្ទុះទៅទាញស្រែកជើងដែរនៅក្នុងដុប ស្រែកយ៉ៃ..អ៊ួយ ) ៖ ចុះអាអំបែងក្បាលណា មកជុះអាចន៍ ដាក់នេះវ៉ើយ រួចគប់ស្រែកជើងតំរង់ប្រាក់ ប្រាក់គេចទាន់ សើចខឹក ៖ អ៊ុំឯងនេះ ! សមហើយ ! ចាត់ទុកថារួចគ្នា អោយកន្សែងឆ្អេះខ្ញុំហិត ! ចាត់ទុកថារួចគ្នា ! ស្បែកជើងខ្ញុំជាន់អាចន៍ឆ្កែ ខ្ញុំប្រញ៉ាប់ពេកមិនបានជូតវា ! (និយាយរួចប្រាក់ឡើងកង់ ជិះយ៉ាងលឿន មិនខ្វល់ថាពូស៊ុមជេរតាមពីក្រោយយ៉ាងណាទេ) គេលើដៃលាហើយស្រែកពីចំងាយលឺល្វើយៗ៖ ពូល្ងាច ជួបគ្នា ! មើលគោឲ្យខ្ញុំផង ! បើកប្រាក់ខែបាន ខ្ញុំចេញលុយថ្លៃកង់ ! (អ៊ុំស៊ុម សើចញឹមៗ ក្រវីក្បាល សំលឹងមើលប្រាក់ ជិះកង់ហួសទៅឆ្ងាយ..)

ថ្លែងពីប្រាក់បុរសកំសត់ ល្ងាចវិលវៃ ក៏រាងងងឹត ព្រាលៗ ជិះកាត់តំបន់អង្គរកាត់តាមព្រៃ ដែលមានផ្លូវកៅស៊ូក្រឡង់ រាងដូចជាស្ងាត់ៗ គេក៏រអើលខ្នងតិចៗដែរ ! ស្រាប់តែវ៉ាក់អើ និងកូនក្មេងវារត់ឆ្លងផ្លូវកាត់កន្លែងនោះ គេក៏ឈប់កង់ រត់ទៅលើកក្មេងនោះ ដែរដួលផ្កាប់មុខ ៖ អាអូន អាអូន ម៉េចហើយ ម៉េចហើយ ! ក្មេងនោះបើកភ្នែកយ៉ាងធំក្រឡោត ហើយញញឹមដាក់ ប្រាក់ ប្រាក់ភ្ញាក់នឹកក្នុងចិត្ត(យីសជល់វាប៉ុណ្ណឹងហើយ នៅអត់អីទៀត) ប្រាក់សួរដោយបារម្ភយកដៃស្ទាបខ្លួន៖ អានាង ! ខ្លួន និងដៃជើងត្រជាក់ស្រេប តិចលោកើតខ្យល់អីទេដឹង ! ផ្ទះឯងនៅឯណា ចាំបងជួនទៅ ! ក្មេងវាចង្អុលទៅមុខ៖ ផ្ទះខ្ញុំនៅជិតដើមស្រឡៅធំមួយដើម ! ខ្ញុំរត់លេង ចេញមកម៉ែខ្ញុំរកខ្ញុំងាប់ហើយ ! ប្រាក់លើកក្មេងនោះដាក់លើរានកង់ ប្រុងដុបវាទៅផ្ទះ តែលើកវាអត់រួចសោះ ៖ ធ្ងន់អីក៏ធ្ងន់ម្ល៉េះ អានាង !

(វាសើច កក្អឹកៗ ស្រាប់តែលេចស្រ្តីម្នាក់ចេញមក) ៖ កូន ! កុំមករត់លេងផ្តេសផ្តាស តាមនេះ ! ប្រាក់ក៏លើកដៃសំពះ៖ មីងកុំបន្ទោសវា ខ្ញុំបានបុកវាដួលអំបាញ់មិញនេះ ! ខ្ញុំសុំទោសមីង មីងប្រាប់ខ្ញុំមកផ្ទះនៅឯណា ខ្ញុំទិញថ្នាំអោយវា !

មីងរាដៃ៖ មិនអីទេ ក្មួយ អរគុណសណ្តានចិត្ត ដែលមិនទុកវាចោរ វានេះរប៉ើសណាស់ ! វាមិនកើតអីទេ មិនបាច់ថ្នាំក៏វាមិនកើតអីដែរ (ក្មេងនោះវាសើច កក្អឹករត់ទៅរកម្តាយវា វាដូចចូលចិត្តប្រាក់ណាស់ សើចដាក់ប្រាក់ជានិច្ច) ប្រាក់ក៏ជិះកង់ត្រឡប់ មកវិញមកដល់ផ្ទះគេចេះតែឆ្ងល់ គេដេកគងថ្ងាស ក្នុងខ្ទមតែឯង ជាមួយចង្កៀងប្រេងកាត់ប្លុងៗ ក៏លក់មួយភាំងទៅ ស្រាប់តែព្រលឹងគេ បានទៅដល់កន្លែងដែល បុកក្មេងនោះ !

ក្មេងនោះរត់មករកគេហើយទាញដៃគេ ពូប្រាក់ទៅលេងផ្ទះខ្ញុំទេ ! ខ្ញុំប្រុងបបួលពូមក តែ​ម្តាយខ្ញុំមិនអោយ ហៅពូមកទេ ! តោះ ! តោះ ! ទៅ! ទៅ ! ស្រាប់តែមកដល់ព្រៃមួយ គេទៅដល់ដើមឈើមួយដ៏ធំ ក្មេងនេះប្រាប់ ៖ នោះគឺផ្ទះខ្ញុំ ខ្ញុំនៅក្នុងដើមឈើនេះ ប្រាក់ភ័យ៖ មានតែឯងជាខ្មោច ! ក្មេងនោះងក់ក្បាល ! ប្រាក់យំ បិទភ្នែក៖ អោយខ្ញុំទៅវិញទៅ ! ខ្ញុំខ្លាចខ្មោចណាស់ ! (ប្រាក់យំហ៊ីៗ កូននោះវាទះដៃសើច កក្កឺក) ម៉ែវាក៏មកដល់ភ្លាម៖ កូនអោយគេទៅវិញទៅ ! លេងប៉ុណ្ណឹងបានហើយ មិនស្តាប់ម៉ែ ម៉ែយកកូនទៅដាក់លើចុងឈើលូវហើយ ! ប្រាក់ភ្ញាក់ពីយល់សប្តិ រាគនោមដាក់ខោជោគជាំ គេក៏ដូរខោចេញ ហើយពន្លត់ភ្លើងដេកទទូរភួយ ទាំងអារម្មណ៍នៅភិតភ័យនៅឡើយ។

ព្រឹកនេះប្រាក់កំលោះភ្ញាក់ពីព្រលឹមទៅយាមនៅខ្លោងទ្វារដៃឆ្នាំងក្នុងតំបន់អង្គរធំ គេអូសកង់កាត់មុខផ្ទះពូស៊ុម៖ ពូ ! រំដួល ទៅរៀនកាត់ដេរជាងមួយឆ្នាំហើយ ខ្ញុំខានឃើញនាងយូរហើយ តើនាងសុខសប្បាយជាទេ? ស្រអែមដែលជាបងរំដួលឆ្លើយជំនួស៖ អាប្រាក់ ! ឯងព្រឹកឡើងមកសួររកកូនក្រមុំគេទាំងព្រឹកតែម្តង ! ម្តាយរំដួលមីងអុកសួរ៖ ចុះ ឯងរករំដួលធ្វើអី? ពូស៊ុម៖ ៣ខែទៀតមីនាងមកវិញហើយ នឹងបើកតូបកាត់ដេរតូចមួយ ចុះឯងសួររកមីងនាងធ្វើអីហ៎ា! កំលោះយើងរាងអៀន៖ គឺរំដួល រំដួល ថានឹងកាត់ខោអាវផ្ញើរខ្ញុំពេលរៀនចេះ ! ស្រអែមតប៖ ការពិតចង់បានអាវសោះ ស្មានតែនឹករំដួលមែនទែន។

ប្រាក់ឆ្លើយរបៀបស្មោះត្រង់ ៖ គឺចង់បានអាវថ្មីពាក់ដើរលេងចូលថ្នាំហ្នឹងណា ខ្ញុំចាំរំដួល១ឆ្នាំជាងហើយ អត់ឃើញផ្ញើរអាវអោយសោះ! មីងអុក៖ មីនាង វាថារៀនបន្ថែមបីខែទៀត ឯងកុំប្រញាប់ពេក ! ពូស៊ុម៖ មិនទាន់ចូលឆ្នាំទេ ឯងកុំភ័យពេក មុខតែបានពាក់អាវថ្មីនោះហើយ.. ប្រាក់៖ មិនភ័យ ម៉េចនិងបាន ព្រោះអាវខ្ញុំដូរនិងមេមាន់ ដែលពូរស៊ុមឯង យកទៅក្លែមពីឆ្នាំមុន…ពូស៊ុម ៖ ចុម ! អាអំបែងក្បាល កុំនិយាយផ្តេសផ្តាស ប្រយត្ន័..! មីងអ៊ុកស្ទុះមក៖ ឪស្រអែម ការពិតឈឺឆ្នាំមុន គឺដោយផឹកស្រាទេ ! ខ្ញុំស្មានតែក្រពះវារើរពីគ្រុនពោះវៀន ការពិតលួចផឹកស្រាសោះ….ខ្ញុំខំខ្ចីបុលគេមើលជំងឺឯង នេះបើមិនដឹងពីអាប្រាក់ទេ ខ្ញុំខំអាណិតឯងនោះអាណិត ឯងនេះមិនចោលគំនិតទេ កូនសុទ្ធតែក្រមុំៗ នៅខំផឹកស្រាមិនចេះគិតទេ តិចគ្មាននរណាគេចូលដណ្តឹងកូនទៅ…! ប្រាក់ធ្វើភ្នែកម៉ក់ៗ ឃើញពូនិងមីងឈ្លោះគ្នា…ពូស៊ុម៖ អាប្រាក់ ! អាញ់ខំញាក់ភ្នែកប៉ុណ្ណឹងហើយ អាឯងមិនដឹងទៀត យ៉ាប់មែនអាមួយនេះវ៉ើយ.. ស្រអែមត៖ នេះហើយ ដោយសារតែអាវឯងមួយ ចាំមើលចុះម៉ែរអ៊ូមិនឈប់ទេថ្ងៃនេះ.. ប្រាក់តប៖ បើខ្លាចអត់នរណាចូលដណ្តឹងរំដួល ចាំខ្ញុំជាអ្នកដណ្តឹងក៏បាន…! ពូស៊ុមដេញ៖ ទៅបានហើយ ទៅធ្វើការទៅ ! នៅបូរបាច់ហ្នឹងហើយ ! ម៉ែស្រអែមកំពុងតែខឹងផង នេះមកពីឯងតែម្នាក់គត់..! ប្រាក់ជិះកង់ផងស្រែប្រាប់មីងអុកផង៖ មីង ! ចាំខ្ញុំប្រាប់ ! បើពូស៊ុមលួចផឹកស្រាទៀត ! ពូស៊ុម៖ អុញ…អាអំបែងក្បាល…!!! ស្រអែមលួចសើចផង គ្រវីក្បាល ហួសចិត្តផង…ខឹខឹខឹខឹខឹ… បានហើយៗ ម៉ែ! ពុកគាត់ដឹងខុសហើយ! ហើយរំលងទៅក៏យូរហើយ ឈប់ខឹងពុកទៅ ! ពុកម៉ែដឹងទេប្រាក់គេស្មោះត្រង់ណាស់ ! គ្នានិយាយគ្មានបំណងអាក្រក់អីទេ កុំប្រកាន់គេអី ! ពូស៊ុម៖ ពុកមិនខឹងវាទេ វានិយាយស្មោះពីចិត្តទេ វាមិនដូចក្មេងដទៃទេ វាអត្តចរិកល្អគួរសមដែរ ទាស់តែគ្នាកំព្រានិងខ្សត់តិចតែប៉ុណ្ណោះ ! មីងអុក៖ តែវាក្រណាស់ពុកវា សង្ឃឹមអីការងារឆ្មាំប្រសាទនោះ ខ្ញុំមិនលើករំដួលអោយទេ! ពូស៊ុម៖ វាក្រតែទ្រព្យ តែចិត្តវាមិនក្រទេ ! វាមានចំការស្រែ គោក្របី ហើយវាឧស្សាហ៍ ចេះគោរពចាស់ទុំ និងសណ្តាន់ចិត្តល្អណាស់! ស្រអែមលូកមាត់៖ មែនហើយម៉ែប្រាក់គ្រាន់បើដែរតើ ! មីងអុក៖ ហ៊ីម ! ម៉ែមើលមិនឃើញ មានអីល្អទេ ! អ្នកផ្សេងក៏ល្អមិនចាញ់វាដែរ ហើយគេក៏ធូរធារ រំដួលអាចរស់ស្រួលជាងនេះ ក៏ថាបាន..! ស្រអែម និងពូស៊ុមគ្រវីក្បាល ហួសចិត្តនិងចិត្តលោភលន់របស់មីងអុក។

ថ្លែងពីបុរសទុរគត ទឹកចិត្តល្អនិងភាពស្មោះត្រង់របស់គេគឺមានមកតាំងពីកំណើតមក គួបផ្សំនិងការអប់រំប្រដៅរបស់ឪពុកម្តាយ ទោះគេជាកូនកសិករក្នុងត្រកូលក្រីក្រក៏ដោយ ប្រាក់ងាកទៅកំពតព្រៃក្បែរកន្លែងយាម ឃើញតាចាស់ម្នាក់ កាប់អុស ដាក់ជាគំនរ គេក៏ស្ទុះទៅជួយ លើកដាក់លើកង់ ហើយឃាត់មិនអោយតាចាស់នោះធ្វើទៀតទេ៖ តា តា បានហើយៗៗ ទុកអោយខ្ញុំជួយ ! តាសំរាកខ្លះទៅ បែកញើសឡើងជោកខ្នង ហើយអស់កំលាំងទៀតមើលទៅ មុខឡើងស្លេកហើយ !(គេរត់ទៅយកទឹកមកអោយតាចាស់) នេះទឹកហូបទៅតា! តាចាស់៖ អរគុណ ហើយចៅ! ប្រាក់៖ ចុះតា ខំប្រឹងអីយ៉ាងនេះ ! ទុកអោយកូនចៅគេធ្វើទៅ តាចាស់ហើយ ល្មមសំរាក រកធម៍អាថ៍ កុំធ្វើការតទៅទៀតអី ! តា រាងធូរបានទឹកផឹកផ្សើមបំពង់ក៖ កូនចៅតាមានច្រើនណាស់ពឹងមិនបានទេ គេបានប្រពន្ធប្តីរៀងៗខ្លួន គេមិនដែរមកអើតតាទេចៅ គេមិនចិញ្ចឹមតាជរាក៏ហ៊ីចុះ គេមិននាំចៅៗមកលេងនឹងតាទេ តានឹករលឹកចៅៗណាស់ ! (តាស្រក់ទឹកភ្នែក ខ្សឹកខ្សួល) ប្រាក់៖ ខ្ញុំ គ្មានឱកាសចិញ្ចឹមនិងមើលថែម្តាយឪពុកខ្ញុំទេគាត់ចាកចោលខ្ញុំបាត់អស់ហើយ ចុះកូនចៅតាគេក៏ចិត្តដាច់ម្ល៉េះ មានឱកាសហើយ មិនមើលថែតបគុណឪពុកចាស់ជរាសោះ ទុកអោយគាត់ពិបាកកាយចិត្តយ៉ាងនេះ។ តា៖ ណ្ហើយគេមានគ្រួសារគេ តាមិនខឹងគេទេ តែតានឹកចៅៗណាស់ ចង់ឃើញមុខពួកគេណាស់ ។ ប្រាក់៖ តាពិសារបាយហើយនៅ នេះថ្ងៃត្រង់ថ្ងៃបែររាងជ្រេហើយ? តា៖ នៅទេចៅ ដឹកអុសនេះអោយគេ ដូរយកអង្ករបានខ្លះ គ្រាន់នឹងបបរហូប បានបួន ប្រាំថ្ងៃដែរ..! ប្រាក់យកបាយវិចនឹងក្រម៉ា ហ៊ុចអោយតា៖ តាពិសារទៅ ! ខ្ញុំមានតែប្រហុកដុតនិងត្រប់ស្រួយបេះក្រោយផ្ទះទេ ! តាហូបចុះ !.. តា៖ ទេ ចៅ ចៅឯងបានអីហូប តាមិនទទួលទេ ! ប្រាក់៖ បើតាមិនទទួល ខ្ញុំមិនសប្បាយចិត្តទេ ! ខ្ញុំមិនសូវឃ្លាន ខ្ញុំនៅក្មេងមានកំលាំង តាពិសារចុះ..(តាញញឹម ទទួលមកបរិភោគដោយអាការៈត្រេកអរជាពន់ពេក) ប្រាក់បន្តជញ្ជូនអុសដាក់កង់ ចង់យ៉ាងរៀបរយ ៖ តា ! ខ្ញុំចង់រួចហើយ តាបើលើក្រោយខ្ញុំមកយាមនៅត្រង់នេះទៀតខ្ញុំ យកអង្ករផ្ញើរតាសូមតាកុំប្រកែក ទទួលយក ចាត់ទុកថាខ្ញុំធ្វើបុណ្យដល់មនុស្សចាស់ជរា ! (តាញញឹម ហើយអោយពរកំលោះប្រាក់សព្វសាធុការ) ពេលគេត្រលប់ទៅផ្ទះវិញ គេនឹកអាណិតដល់តាជាពន្លឹក គេនឹកដល់ម្តាយឪពុកគេខ្លាំងណាស់ គេបួងសួងអោយតាជួបសេចក្តីសុខ គេគេងលក់ដោយអស់កំលាំង៖ ព្រលឹងវិញ្ញាណរបស់គេបានទៅដល់កន្លែងមួយដែរស្ងាត់ជ្រងំនិងងងឹត គេដើរទៅមុខជារឿយៗតាមពន្លឺតូចមួយ គេបានជួបតា ដែរបានជួបពីថ្ងៃ តាប្រាប់គេថាតាបានស្លាប់បាត់ហើយ ជាខ្មោចតៃហោងក្នុងព្រៃ ព្រោះខ្យល់គរ ប្រាក់យើងក៏តប៖ ចុះតាដែរខ្ញុំជួបពីថ្ងៃជាខ្មោច មែនទេ? ប្រាក់ភ្ញាក់ឡើងដោយសង្ស័យនឹកក្នុងចិត្ត(គ្រាន់តែជាយល់សប្តិ សោះខំតែភ័យ ស្មានតែជួបខ្មោចមែន..) សប្តាហ៍ក្រោយបន្ទាប់មក ប្រាក់ក៏ទៅយាមនៅត្រង់ក្លោងទ្វារនោះទៀត ដល់ពេលថ្ងៃត្រង់ គេលាតកញ្ចប់អាហារបរិភោគបាយ របស់គេ ស្រាប់តែធុំក្លិនស្អុយមួយហោះកាត់ច្រមុះគេ (យីសសត្វអីងាប់ស្អុយដូចគំរង់..) កំពុងតែហូបស្រាប់តែឃើញតាជិះកង់មកពីចំងាយ គេមើលឃើញតាគេអរណាស់ គេប្រុងនឹងអោយអង្ករមួយថង់ដែលចង់និងក្រោយកង់ទៅតា ! ស្រាប់តែកង់នោះជិតមកជិតមិនមែនជាតាទេជាអ្នកភូមិទៅវិញ ។ ប្រហែលជាស្រវាំងភ្នែក គេបន្តរហូបបាយ ! គេកាន់តែធុំក្លិនស្អុយនោះខ្លាំងឡើងៗ គេឈប់ហូបបាយ ប្រុងចង់ទុកអង្ករវិញ ស្រាប់តែតាមកដល់ ប្រាក់ភ្ញាក់ក្រញាង នៅសុខៗ ស្រាប់តែមកដល់ពីពេលណា ! គេសួរតា៖ តាសុខសប្បាយទេ ! ខ្ញុំឃើញតាពីចំងាយ តែស្រាប់តែបាត់តាឈឺង ! ស្មានតែស្រវាំងភ្នែក ! ដឹងអីតាមកដល់ គ្មានលឺសំរិបជើង…! តាតប៖ តាចុះបត់ជើងក្នុងព្រៃ ទុកកង់ឯខាងនោះ រួចដើរមករកចៅ ដឹងថាចៅចាំផ្លូវតា ! ប្រាក់៖ ខ្ញុំសន្យាថាយកអង្ករអោយតា ចឹងហើយចេះតែរកមើលតាជារឿយៗ ក្រែនៅម្តុំៗនេះ។ តា៖ តាភាគច្រើន នៅតែម្តុំៗនេះឯង តែតាលេងបានជួបចៅទៀតហើយ តាឈប់កាប់អុសលក់ទៀតហើយ តាកាន់តែចាស់ណាស់ហើយ ! ប្រាក់ហ៊ុចអង្ករ៖ នេះតា យកទៅ ! តាទៅរស់នៅជាមួយកូនចៅតាមែនទេ? តា៖តាមានកន្លែងត្រូវទៅ និងរស់នៅបានសុខជាងនៅទីនេះហើយ !

Part II

 

រំលងបាន៣ខែមក ប្រាក់ក៏លែងបានជួបតាចាស់ដែរកាប់អុស នៅម្តុំនេះ តែមានរឿងមួយដែរកើតឡើងចំពោះប្រាក់ បុរសយើង ធ្លាប់ជួបខ្មោចកូនក្មេង ក៏មិនដែរជិះតាមផ្លូវនេះទៀតទេ គេសុទ្ធចិត្តជិះវៀងផ្លូវផ្សេងៗ ប្រាក់បាននិទានរឿងពិតមួយប្រាប់អ្នកនិពន្ធថា វេលាមួយ ប្រាក់និងក្រុមការងារបានប្រទះឃើញសពកូនក្មេង២នាក់ដេកអោបគ្នាក្នុងព្រៃ ក្នុងតំបន់អង្គរធំ ខណៈដែរប្រាក់និងក្រុមការងារ ចុះត្រួសត្រាយកន្លែងព្រៃស្កុកនេះ រឿងរ៉ាវមានដូចខាងក្រោមនេះ៖ មានអ្នកស្រុកអង្គរជុំ ជាកម្មករសំណង់ជិះកាត់ផ្លូវនេះ ក៏បានឃើញស្រ្តីមា្នក់ដើរចេញពីក្នុងព្រៃតែម្នាក់ឯង ដើរបណ្តើរយំបណ្តើរ ចេះតែងាកមើលចូលទៅក្នុងព្រៃម្ខាងនោះ ម្នាក់ៗក៏ឆ្ងល់ហើយចំលែកចិត្តជាខ្លាំង ចេះតែនាំគ្នាមើលស្រ្តីនោះ តែគ្មាននរណាហ៊ានសួរនាំទេ ព្រោះរាងរសៀលៗទៅហើយ ! ដំណឹងនេះក៏ចេះតែនិយាយតគ្នាថា មានស្រ្តីម្នាក់ដើរយំតាមព្រៃ ប្រហែលមនុស្សឆ្គួត តែមើលទៅសមរម្យមិនសមវិកលចរិកចឹងទេ។ លុះក្រុមកម្មករទៅអស់ក៏នៅសល់បុរសចំណាស់ម្នាក់ ជិះកង់កាត់នោះ ក៏ឃើញក្មេងម្នាក់ ឈររារេ សុំកង់គាត់ជិះ ៖ តា តា ឈប់សិន អោយខ្ញុំនិងប្អូនខ្ញុំសុំទៅជាមួយផង ខ្ញុំចាំម៉ែខ្ញុំគាត់ថាចូលព្រៃបត់ជើងតែមិនឃើញត្រឡប់មកវិញសោះ ប្អូនខ្ញុំវាយំឃ្លានរកប៉ៅ វាដេកលក់ក្នុងព្រៃឯណោះ ចាំខ្ញុំបន្តិចមកខ្ញុំទៅយកវាសិន។ បុរសចំណាស់តបដោយអាណិត ៖ អឺ អឺ ឆាប់លឿន លឿនមក ល្ងាចណាស់ហើយ…! ក្មេងប្រុស៖ បាទ…(រត់ចូលព្រៃបាត់) បុរសចំណាស់ស្រាប់តែភ័យ ៖ អីយ៉ា អាញ ត្រូវខ្មោចលងទេដឹង វាមិនដែរថ្មើរនេះ មានក្មេងមកសុំជិះកង់ (ស្រាប់តែគាត់ ស្ទុះវឹងធាក់កង់យ៉ាងញាប់ស្អេក ទៅបាត់) ព្រឹកឡើងគាត់ក៍និយាយប្រាប់តៗ ដល់អ្នកភូមិ ស្រាប់តែថ្ងៃនេះប្រាក់និងក្រុមគាត់ ប្រទះឃើញខ្មោចកូនក្មេងដេកស្លាប់ដោយអាកាសធាតុត្រជាក់ក្នុងព្រៃនិងដោយអត់អាហារ ប៉ូលីសក៏សាកសួរពត៍មានអ្នកស្រុកនិងសន្និដ្នានបានដឹងថា ក្មេងទាំងពីរនាក់ត្រូវស្ត្រីជាម្តាយ យកមកផ្លុងចោល នៅក្នុងព្រៃ (តើការខ្លាចខ្មោចរបស់បុរសចំណាស់នេះ ជារឿងមួយដែរធ្វើអោយ ក្មេងនោះស្លាប់មែនទេ? តើយើងគួរបន្ទោសអ្នកណា) ។ ប្រាក់និយាយប្រាប់ខ្ញុំទាំងអួលដើមករ ជីវិតពិតជាពិបាកមែន ! គេថាគេខ្លាចខ្មោចណាស់ តែទោះជាខ្មោចនេះមករកគេ ឫបន្លាចគេ ឫអោយគេឃើញ តែគេនៅតែមានស្មារតី ហើយគេតាំងចិត្តថាគេធ្វើអំពើល្អដែរចេញពីចិត្តគេជានិច្ច។ ប្រាក់មិនខ្លាចទេក៏លើកសាកសពក្មេងទាំងពីរទៅវត្ត ដើម្បីធ្វើបុណ្យ សពនោះឱបគ្នាជាប់រឹងឆ្កឺតបេះមិនចង់បាន មិនដឹងថាគ្នារងារនិងឃ្លានដល់ថ្នាក់ណាទេ តើស្រ្តីជាម្តាយនោះម្ត៉េចក៏ចិត្តដាច់ម្ល៉េះ សុខចិត្តចោលកូនរបស់ខ្លួន តើនាងមានវិបត្តអ្វី? ខ្ញុំសូមស្លេះរឿងនេះសិននិងសសេររឿងប្រាក់បន្តនៅពេលបន្ទាប់ៗទៀត ខ្ញុំចង់ស្រក់ទឹកភ្នែក ពេលឃើញប្រាក់យំ !

Part III

ក្រោយពីប្រាក់កំសត់ធ្វើបុណ្យ អោយក្មេង២នាក់រួចរាល់ហើយ គេក៏ឈប់សំរាកការងារចុងសប្តាហ៍ មើលចុះកំលោះយើងមិនទំនេរដៃទេ ខំដាំបន្លែ និងធ្វើចំការយ៉ាងសស្រាក់សស្រាំ កំពុងអោនងើបៗ ស្រាប់តែឃើញស្រមោលមនុស្សស្រីដើរវ៉េវៗនៅជិតពំនូកចំប៉ើង គេតាមមើលដោយមិនអស់ចិត្ត តែក៍មិនឃើញ ក៏ឆ្ងក់ជំរះស្មៅជាបន្តរ ស្រាប់តែដុំដីហោះវើៗ ចំក្បាល ផូសៗ គេស្ទុះស្រែកភ្ញាក់ក្រញ៉ាង៖ កន្តុំឆែប កង្កែបអាំង មេម៉ាយខែប្រាំង ក្រៀមកំពិតៗ ! (សំលេង មនុស្សស្រីសើច ខឹកៗ ក៏ស្ងាត់ជ្រៀបទៅវិញ) បុរសយើងសង្ស័យថាច្បាស់ជាមានក្មេងវាមកពួនម្តុំនេះ ចាំពន្ញាក់បុរសយើង គេធ្វើជាហ៊ីៗ.. ទាញជំពាមកៅស៊ូតំរង់ ដៃអ្នកចោលដុំដី  តែមិនត្រូវ សង្គ្រាមកើតឡើង គេគុបគ្នាទៅវិញទៅមក ភាគីម្ខាងទៀតមិនដឹងថាប្រាក់ដើរជិតដល់ពំនូកចំប៉ើងទេ ៖ ហ៎ា ! ចាប់បានស្រេច មើល អាណាក្បាលខូច គុបអាញឡើងពកក្បាល ! អាញវាយវា ទំលាក់ទឹក (ឱប គ្រឹប..រើរអត់រួច កំលោះពេញកំលាំង) ងាកមុខមក គឺរំដួលសោះ ប្រាក់បេះដូងលោតខុសចង្វាក់ មើលមុខនាងស្លឺ នាងស្រែកយ៉ៃ.. គេភ័យរុញនាងខ្ទាត់ដួលផ្កាប់មុខ ប្រលាក់អាចន៍គោពេញមុខ ពេលនោះនាងយំហ៊ី ៖ បងប្រាក់ បងមកលេងឆ្កួតៗ ប្រលាក់ខ្ញុំអស់ហើយ..ប្រាក់៖ រំដួល គឺនាងមកលេងជាមួយខ្ញុំមុនតើ ខ្ញុំអត់ដឹងថានាងទេ ក៍ចាប់ឱប ស្មានថាអាពីងវាមកលោខ្ញុំ…រំដួលស្ទុះទៅលាងមុខចេញ ហ៊ុចកញ្ចប់ស្បោងមួយ៖ នែក…! ខោអាវ ខ្ញុំកាត់អោយ ! ខ្ញុំគ្មានពេលយក មកអោយទេ ព្រោះរវល់ពេក..! ប្រាក់៖ អូហ៍..! រំដួល អរគុណហើយ..ខ្ញុំចាំខោអាវនេះជាងមួយឆ្នាំហើយ.. រំដួលប្លែកណាស់ ហើយស្អាតជាងមុន ទោះប្រលាក់អាចន៍គោក៍នៅតែស្អាត ! រំដួល៖ សើចខើល..ហេសហេស..បងប្រាក់ មកសរសើរមនុស្ស ឫសរសើរអាចន៍គោ.. ប្រាក់៖ សរសើរទាំងពីរយ៉ាង… ម្នាក់ៗផ្ទុះសំណើច ស្រាប់តែលឺមាត់ហៅរបស់ស្រអែម៖ រំដួលអើយ រំដួល មកយូរហើយ ម៉ែអោយមកតាម មកសំងំធ្វើអីយូរម្ល៉េះ មកដល់ផ្ទះមិនទាន់ មករកអាប្រាក់ភ្លាម។ រំដួល៖ ខ្ញុំនៅឯនោះបង ខាងនេះ..ស្រអែម៖ ហ្កាក..! ចុះ មុខមិចក៍ប្រលាក់សុទ្ធតែអាចន៍គោ ងាប់ហើយជាប់តាំងពីសក់ទៀត មានរឿងអីហាស់ ។ ប្រាក់គេសើចហើយនិយាយ៖ អ្នកទីក្រុង ចង់ម៉ាស្សាមុខ និងលាមកគោ ហាហាហា។ រំដួលសំលក់៖ គឺខ្ញុំរអិលដួល ទៅត្រូវនិងលាមកគោពេញទំហឹង។ ស្រអែមសើចហួសចិត្ត៖ តោះម៉ែនិងពុកអោយមកតាមឯងទៅហូបបាយ ហើយអោយហៅអាប្រាក់ទៅដែរ ព្រោះម៉ែបានម្ហូបពិសេសទទួលឯង តោះ មោហ៍ ! (ពួកគេបណ្តើរគ្នាផងនិយាយគេផងសើចកក្អិក ព្រោះធ្លាប់រត់លេងពីក្មេងៗជាមួយគ្នា ពួកគេនឹករលឹកគ្នាណាស់ ម្នាក់ៗសប្បាយចិត្តពេលបានជួបគ្នាជាថ្មីម្តងទៀត) មីងអុក៖ មកដល់ល្មម ! រៀបចំបាយទឹក ហើយហៅឪឯងមកមីងនាង ! ប្រាក់៖ ទុកអោយខ្ញុំទៅវិញ… ពូស៊ុមនៅក្រោយផ្ទះរអ៊ូងូវៗ ៖ ចាំមើលអាញរកឃើញថាអាណា វាលួចមេមាន់ក្រាបពងអាញទាំងសំបុក អាញនឹងចាប់វាទៅដាក់ខ្នោះម្តង..! ប្រាក់សួរ៖ ពូបាត់ ពួជមាន់ដែលខំបង្កាត់ យកពូជមាន់ជល់មែនទេ មើលចុះដូចខឹងសម្បារជាងបាត់លុយទៅទៀត ពូអ្ហើយពូ បាត់ហើយកុំទៅគិត បង្កាត់ថ្មីទៀតទៅ..! ពូស៊ុម៖ អាញ! ឆ្ងល់នុះឆ្ងល់ មាន់ម៉ាគំនូរវាមិនលួច សុទ្ធតែល្អៗ វាទៅលួចមាន់ពូជទាំងសំបុក អាញវាហួសចិត្ត ចោរអំបុកចោរអំបែង បើរកឃើញដាក់អោយចាស់ដៃ។ ប្រាក់៖ មោហ៍ ! ពូទៅហូបបាយ ថ្ងៃនេះជុំគ្នា អ៊ូរអរ ខ្ញុំកំរមានឈប់សំរាកណាស់ តោះពូ..! ពូស៊ុម៖ អើ…!!!! មីអុក៖ មកវ៉ើយ ! យកខសាច់មាន់ ហើយដួសយកពងមាន់ដាក់មកផង មីងនាង! (រំដួលនិងស្រអែមរៀបចំយាងរៀបរយ នាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ..) ពូស៊ុម៖ ម៉ែមីង៉ា ! ថ្ងៃនេះបានសុទ្ធតែខមាន់ទៀត វ៉ើយ !ឆ្ងាញ់ណាស់ ! អាប្រាក់ ! មីង៉ាវ៉ើយ ហូបបានអោយច្រើនៗ..! (ក្រោយអាហាររួច ពូស៊ុមនៅតែឆ្ងល់ ឯងអ្ហើយ បើគ្នាចាប់បានចោរលួចមាន់គ្នាទាំងសំបុក គ្នាដាក់វាអោយចាស់ដៃ ឡើងជង្គង់ កែងបត់ នាគវាត់កន្ទុយ..ផាំងៗៗ.. មីងអុក៖ យីស ! ចង់វ៉ៃខ្ញុំផងឪវា ! ឯងចូលសាកលោមើល ! តិចថាគ្នាមិនបានប្រាប់ ! មីងអ៊ុកក្រោកឈរលាត់សំពាត់ចង់ក្បិន តប៖ដាល់បាក់ធ្មេញអស់២ជួរលូវ។ ពូស៊ុម៖ គ្នាមានថាអោយឯងឯណា គ្នាថាអោយចោរតើ ឫក៏ឯង…! មីងអុក៖ អឺអឺ ! គ្នាវ៉ើយគ្នាលួចមាន់ឯង… យកមកខអោយឯងហូប ឯងក៏ថាឆ្ងាញ់ដែរតើ…ពូប្រាក់៖ អុញ..!! ម៉ែមីនាង..ចុះមាន់មួយគំនរមិនយកខ មកយកមាន់គ្នាខ គ្នាខំស្រាលាញ់ថែរាល់ថ្ងៃ.. មីងអុក៖ ចុះឯងម្ង៉ៃៗ គិតតែថ្នម មេមាន់នោះ អង្អែលមេមាន់នេះ មិនធ្វើអីសោះ បើស្រលាញ់មាន់ណាស់ឯងទៅដេកជាមួយវាទៅ.. ពូស៊ុម៖ ម៉ែប្រពន្ធ..! ឯងទៅច្រនែនជាមួយមាន់ ឯងអើយឯង… មីងអុក លើកសំពត់ ៖ ម៉េចឯង នៅចង់កែងបត់ជង្គងហោះទៀតអត់ មោហ៍ ចូលមក..! ពូស៊ុម៖ យីសឯង ! គ្នាម៉េចហ៊ាន មាឌគ្នាតូចជាងឯង.. (ក្មេងនាំគ្នាលាងចាន លួចសើចពូស៊ុមនិងមីងអុកប្រកែកគ្នា ចាស់ៗតែប៉ុណ្ណឹង ទោះប្រកែកគ្នា តែស្រលាញ់គ្នាចាក់ទឹកមិនលេចទេ ខ្ញុំច្រនែននឹងសុភមង្គលរបស់ពួកគាត់ណាស់)

មីងអុក៖ នែប្រាក់ ! មីងហៅឯងមកហូបបាយចង់ពឹងឯងអោយជួយ ធ្វើតូបកាត់ដេរអោយរំដួលបន្តិច ឯងជួយវាផងទៅ វាខំកាត់ខោអាវអោយឯង… ពូស៊ុមលួចរអ៊ូ ៖ យាយប៉ិនេះ ហៅមកហូបបាយ ការពិតចង់ប្រើគ្នាសោះ មីងអុក៖ ឯងនិយាយអី ស្តាប់មិនបានសោះ … ពូស៊ុមដោះសារ៖ គ្នាថាគ្នានឹងជួយអាប្រាក់ធ្វើតូបកាត់ដេរនៅមុខផ្ទះដែរ…. ប្រាក់៖ មិនអីទេមីង ចាំខ្ញុំជួយ.. ខ្ញុំរីករាយជានិច្ច..មិនចឹងរំដួល (គេនិយាយមើលមុខរំដួល..រំដួលសើចញឹមៗ ងក់ក្បាល) រំលងមកជាច្រើនខែជិតដល់ចូលឆ្នាំខ្មែរ តូបកាត់ដេររបស់រំដួល ក៏មានអ្នកភូមិចូលកាត់ជាហូរហែរ ស្រអែមក៏រៀនបន្តពីប្អូន នាងជាអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាផងជួយឆ្លៀតពេលទំនេរ ម្តាយនាងក៏ជួយការងាតដែរ ហើយការងារនេះងាយៗសំរាប់ស្ត្រី មិនបាច់ធ្វើចំណាក់ស្រុក ដែរនាំអោយសង្គមមានភាពច្របូកច្របល់ លុះយូរៗទៅ ក៏មានកូនជាងចូលមករៀនជាបន្តបន្ទាប់ គ្រួសារនេះក៏មានកំរិតធូរធារជាលំដាប់។ យើងបែរមកនិយាយពីប្រាក់ គេនៅតែជាមនុស្សល្អមិនផ្លាស់ប្តូរ ថ្ងៃនេះគេបានសន្សំលុយទិញបានម៉ូតូមួយគ្រឿងសំរាប់ជិះទៅធ្វើការ បុរសយើងហាក់ដូចជាស្អាតបាតខុសសព្វមួយដង គេទើបតែដាច់ចិត្តស្លៀកសំលៀកបំពាក់ដែររំដួលកាត់អោយ មើលទៅក៏សមរម្យនិងម៉ូតូថ្មី គេជិះកាត់តូបដេររំដួល៖ បងទៅធ្វើការហើយ..! ល្ងាចជួបគ្នានៅកំពង់ទឹក ! (២នាក់នេះលួចជួបគ្នាជារឿយៗ បើម៉ែនាងដឹងច្បាស់ជាជេរបែកផ្សែងជាមិនខាន) រំដួល៖ ថ្ងៃនេះដូចជាសង្ហាខុសប្លែក ខោអាវនេះកាត់អោយយូរហើយ ម៉េចមិនដែរពាក់ចឹងបងប្រាក់.. ប្រាក់៖ បងខ្លាចវាមិនសមនិងកង់តែពេលនេះបងមានម៉ូតូ ទើបសមនិងអាវអូនកាត់អោយ..ស្រអែមដើរមកដល់៖ យឺ យឺ ២នាក់ឯងហៅគ្នាសុទ្ធតែបងនឹងអូនផង ផ្អែមល្ហែមដល់ហើយ…! ប្រាក់គេដូចអៀន ៖ បងថ្លៃ ! អ៊ួយច្រឡំ! បងអែមខ្ញុំជំរាបលាសិនហើយ (គេមិចភ្នែកដាក់រំដួលជាសញ្ញា ជិះម៉ូតូចេញឡើងលឿន) ស្រអែម៖ ឯងពីរនាក់មានការសំងាត់អី លាក់បាំងនិងយើងមែនទេ ! រំដួល៖ អត់ទេបងអែម ! ដល់ម៉ោងទៅបង្រៀនហើយ ! ឆាប់ទៅ! ម៉ែចុះមកឡូឡាទៀតឥលូវហើយ ! ស្រអែម៖ អឺអឺ ! បងទៅហើយ..! ប្រាក់ថ្ងៃនេះញញឹមផងច្រៀងផង មិនដឹងសប្បាយចិត្តរឿងអីទេ គេនៅឈរឆែកសំបុត្រភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទស្រាប់តែ គេប្រាប់គ្នីគ្នាគេអោយធ្វើការជំនួស រួចគេបើកម៉ូតូដេញតាមឡាន កាមេរីឆ្លាម មួយយ៉ាងលឿន ស្រាប់តែម្ចាស់ឡាននោះ ខំបន្ថែមល្បឿនយ៉ាងលឿន ព្រោះឆ្ងល់និងកាយវិការរបស់ប្រាក់ដែរបើកពីក្រោយ ធ្វើដៃផងជើងផង អោយឡាននោះឈប់ ភ្ញៀវដែរនៅក្នុងឡាន២នាក់ ក៏ប្រាប់ម្ចាស់ឡានអោយឈប់ ក្រែងមានខុសច្បាប់ដោយប្រការណាមួយ ឡានឈប់ងក់។ ប្រាក់សក់បះជ្រោង សុទ្ធតែដីក្រហមពេញមុខ ហត់ចង់ដកអណ្តាត ជ្រុលចង្ហូតបើកហួសឡានបាត់ ក៏ថយមកវិញ ៖ បងតៃកុងឡាន អោយឈប់ម៉េចក៏មិនឈប់ ខ្ញុំនេះបើកតាមមិនចង់ទាន់ ! តៃកុងឡានសួរ៖ ខ្ញុំខុសអីបានជាបើកតាមខ្ញុំ ខ្ញុំប្រញាប់នាំភ្ញៀវឡើងយន្តហោះផង តិចលោខកដំណើរ…ប្រាក់បែកញើសរហាម៖ ដកយកកាបូបលុយ មួយហ៊ុចទៅភ្ញៀវ (ភ្ញៀវភ្ញាក់ មិនដឹងថាជ្រុះពីពេលណា បើកមើលមិនបាត់លុយ មិនបាត់សំបុត្រឆ្លងដែន សំបុត្រយន្តហោះ ក្រេដីតកាត អ្វីៗនៅទាំងអស់..) ពួកភ្ញៀវចេញមកអរគុណនិងឱបប្រាក់ដោយក្តីពេញចិត្ត និងអាណិតដល់ទឹកចិត្តល្អរបស់ប្រាក់ជាពន់ពេក ភ្ញៀវទេសចរណ៍ បានអោយរង្វាន់ប្រាក់តែគេមិនទទួលទេ ភ្ញៀវក៏សុំរាប់អានគេ ហើយសួរគេថាគេឈ្មោះអ្វី គេប្រាប់ថា ៖ My name is Mr. Money ពួកគេសន្យាថានិងមកលេងស្រុកខ្មែរទៀត ហើយមកជួបប្រាក់ទៀត៖ Thanks Mr. Money , you’re so kind, good person, I love Cambodia, and love people here, I promise I come back to see you again! (ភ្ញៀវ២នាក់នោះក៏លាប្រាក់ទាំងអាល័យ ងាកក្រោយលើកដៃលាហើយកត់ចំណាំបុរសល្អម្នាក់នេះ ពិតជាគំរូយុវជនខ្មែរដ៏ល្អ កំលោះយើងគ្មានលេខទូរសព្ទ គ្មានអីម៉ែល គេបានត្រឹមប្រាប់ឈ្មោះគេនិងឈ្មោះភូមិដែរគេរស់នៅតែប៉ុណ្ណោះ.. ) ល្ងាចគេធ្វើដំនើរមកវិញ ស្រាប់តែម៉ូតូអស់សាំងតាមផ្លូវ ព្រោះតែជិះដេញតាមឡានពីថ្ងៃ ៖ ម៉ែអ្ហើយម៉ែ ធ្លាប់ជិះកង់មិនដែរចេះអស់សាំង អស់តែកំលាំង ដល់ជិះម៉ូតូអស់កំលាំងព្រោះអស់សាំងដើរដឹក ! (រាងដូចស្ងាត់ៗ តាមផ្លូវ លឺតែសំលេងរ៉ៃកណ្តឹង យំទ្រហឹងពេញព្រៃ បុរសកំសត់ហត់ក្រៃលេងឈប់សំរាកក្រោមដើរឈើធំមួយ ស្រាប់តែរំពេចនេះ មានរទះសេះបរ មកដល់ ឈប់ងក់ក្បែរនោះ មនុស្សប្រុសស្រី២នាក់ ស្រែកសួរទាំង ងងឹតស្ទុងៗមើលមុខមិនសូវច្បាស់ ៖ ប្អូនម៉ូតូកើតអី អស់សាំង មែនទេ ប្រាក់ជូតញើស៖ បាទបង ! ខ្ញុំដើរអូសរាងឆ្ងាយមកហើយដែរ អស់កំលាំងណាស់ ! បុរសនោះ៖ បងចែកសាំងខ្លះ បងទិញចាកម៉ាស៊ីនបូមទឹក ! ស្រីលើរទះដូចត្រៀមទុកស្រេចហ៊ុចសាំងមួយដបអោយប្រាក់ ៖ នេះយកទៅ មិនបាច់លុយកាក អីទេ ! (រទះសេះក៏បរទៅមុខ មួយសន្ទុះមកក៏បាត់លឺសំលេងជើងសេះរត់ ដូចជាចំលែកចិត្ត ) ប្រាក់លើកដៃបន់ទាំងសំលេងញ័រៗ ៖ អរុក្សអារក្សអ្នកតា កូនចៅអរគុណ ដែរជួយយកអាសារ (ថាតែប៉ុណ្ណេះ ជិះម៉ូតូ ប្រុយដូចហោះ លឿនជាងជិះតាមឡានកាលពីថ្ងៃទៅទៀត) នៅកំពង់ទឹកនារីរំដូល សៀតផ្ការំដួល ក្រអូបដូចសាយក្លិន នាពេលសាយន្ត័ ចាំងពន្លឺផ្ទៃទឹក ឃើញរង្វង់ភក្រ្ត៍ដ៍ស្រល់ផូរផង់ ក្រមុំអង្គរកន្តៀតក្អមទឹក ឈរចាំរេរា តែម្នាក់ឯង ៖ យីស ! ណាត់អោយខ្ញុំមក តែខ្លួនឯងមិនមក ! បងប្រាក់គាត់មានរឿងអីទេដឹង (មុខក្រញូវ ណាមួយខឹងណាមួយបារម្ភ)។ នាងចុះទឹកដងដាក់ក្អម កំពុងយោលជើងក្នុងទឹក ស្រាប់តែ មានអ្វីចាប់ជើង នាងភ័យណាស់ ស្ទុះដកជើងយ៉ាងលឿនប្រុងរត់ឡើងគោក ៖ បងទេ រំដួល បងសុំទោសដែរអោយអូនចាំ ព្រោះបងអស់សាំងម៉ូតូ តាមផ្លូវ បងគិតជានិច្ចបើអូនមិននៅចាំបង ម្ល៉េះអូនខឹងនឹងបងស្លាប់ហើយ.. រំដួលអស់ពីភ័យ ខឹងធ្វើមុចក្រញូវ៖ បងយូរក៏យូរចុះ ម្ត៉េចក៏មកបំភ័យអូន ហើយបងមានរឿងអីចង់សួរអូនមែនទេ? ប្រាក់៖ បងលឺគេនិយាយតគ្នាថា មានគេចូលចែចូវ តើគេចូលសួរអ្នកណា អូនឫមួយបងអែម? រំដួល៖ គឺបងអែមទេ ! ជាគ្រូបង្រៀនជាមួយគ្នា ! ប្រាក់៖ បង ខំតែភ័យ ! បងខ្លាចអូនបានគេ បងកំព្រីកំព្រា ខ្លាចអូនមិនហ៊ានផ្ញើរវាសនា.. រំដួល៖ បងខំ សន្សំប្រាក់និងធ្វើស្រែចំការទៅ ខ្ញុំចាំបង ! បើម៉ែលើកខ្ញុំអោយគេ ! ខ្ញុំប្រកែក ! ខ្ញុំមិនក្បត់សន្យាឡើយ ខ្ញុំនៅចាំបងជានិច្ច… ប្រាក់៖ បងមានគោលដៅសំរាប់ជីវិតហើយតែខ្វះទុន តែបងសន្យាថាបង និងមិនអោយអូនចាំបងយូរទេ ! (គេញញឹមដាក់គ្នា ដោយក្តីស្នេហា តែពួកគេមិនធ្វើអ្វីអោយរំលងប្រពៃណីទេ.. ស្រាប់តែលឺសំលេងហៅរបស់ម្តាយនាង ប្រាក់ច្រមុជចូលក្នុងទឹកភ្លាមរំពេចនោះ..) មីនាង មកយូរហើយ ម៉ែលឺបងឯងថាឯងមកដងទឹក ម៉ែក៏មកតាម ហើយដងថែមមួយក្អមទៀត (ស្រាប់តែលឺទឹកខ្ជាយ..គាត់ខំរកមើលតាមសំលេង)៖ ចុះស្អីគេមីង៉ា ! រំដួលឆ្លើយ៖ ម៉ែ ! កំពង់ទឹកនេះសំបូរត្រីណាស់ វាលោតចុះលោតឡើង តោះម៉ែ ទៅវិញ ម៉ែយកអាក្អមតូច ខ្ញុំយកអាធំចុះ ! មីងអុក៖ អឺ អឺ តោះឡើងទៅ…..! (ប្រាក់ នៅក្នុងទឹកចង់ដាច់ខ្យល់ ប្រកាច់ស្លាប់ ហេតុតែស្រលាញ់កូនគេ លោកអើយ ទ្រាំនុះទ្រាំ…)

រំដួលដងស្ទឹងព្រលឹងសៀមរាប បងសូមសារភាពមុនលោកមេបា….(ចំរៀង៖លោកស៊ិនស៊ីសាមុត្រ)

ពិធីរៀបការរបស់ស្រអែមក៏មកដល់ គេប្រារព្ធមុនចូលឆ្នាំ រៀបការកូនស្រីលើកទីមួយ មីងអុកញញឹមញញែម បានស៊ីក្បាលជ្រូក ដែលគាត់ប្រាថ្នាខាន់ស្លាពរជ័យ ដែរកូនប្រុសស្រីគួរណាស់បំពេញជូនម្តាយឪពុក។ ថ្ងៃនេះរំដួល ក៏ស្អាតខុសសព្វមួយដង កំលោះៗក្នុងភូមិចោលរោមមើលមិនដាក់ភ្នែក ធ្វើអោយកំលោះប្រាក់ លួចភ័យក្នុងចិត្ត។ រឿងរ៉ាវស្មុគស្មាញក៏កើតឡើងក្រោយ ពីមានចាស់ទុំចូលស្តីដណ្តឹងរំដួល….តើរឿងនោះយ៉ាងណាសូមតាមដានជាបន្តកុំបីខាន ! សូមស្លេះមួយអន្លើត្រឹមនេះសិន !

Part VI

សុរិយាចែងចាំង បញ្ចេញកំដៅខ្លាំងនាខែចេត្រ ក្តៅថ្ងៃមិនស្មើរនិងក្តៅចិត្ត ងងឹតអ្វីមិនស្មើរនិងអវិជ្ជា ប្រាក់កំសត់ ទោះដឹងថាគេចូលចែចូវនារីជាទីស្រលាញ់ ក៏នៅមានស្មារតីទទួលខុសត្រូវជានិច្ច គែមិនទាន់ដឹងចិត្តនារីយ៉ាងណាទេ គេចង់លួចសួរចិត្តនាងជាពន់ពេក គេនិយាយនឹងតោថ្មនៅក្បែរនោះ៖ ឯងជួយប្រាប់ខ្ញុំបន្តិចមក តើខ្ញុំត្រូវធ្វើយ៉ាងណា? តើរំដួលមួយទងដែលប៉ងប្រាថ្នាត្រូវរបូតទៅព្រោះវណ្ណៈ និងទ្រព្យសម្បត្តិមែនទេ? តោអើយតោ អាចអោយទ្រព្យសម្បិត្តមកខ្ញុំបានទេ? (គេហាក់មួរម៉ង ព្រោះតោមិនឆ្លើយ) កំពង់ទឹកដ៏ស្រស់មានផ្កាឈូក ព្រលិត រំចង់ និងកញ្ឆែត បញ្ខេញសំរស់តាមធម្មជាតិ រំដួលមួយទងតែងចាំបងនៅទីនេះ ចង់ប្រាប់បងថា នារីនួនល្អងមិនប្រែក្រឡាស់សំដី តែនាងមិនដែលបានជួបមុខកំលោះយើងសោះ តើគេគេចមុខឫយ៉ាងណា។ គេចនៅតែជួបផែនដីវិលមិនឈប់ ៖ បងប្រាក់ ខ្ញុំមិនដែរឃើញបងសោះថ្មីៗនេះ បងគេចមុខពីរំដួលមែនទេបង? ប្រាក់៖បងចង់ជួបរំដួលណាស់ចង់សួរអោយអស់ចំងល់ សំនួរក្នុងចិត្តវាលងបន្លាចបងជានិច្ច តែបងខ្លាចចំលើយរបស់រំដួល ធ្វើអោយបងឈឺចាប់ តែបងត្រូវតែរីករាយនិងទទួលយកសេចក្តីសុខរបស់អូននិងគ្រូសារអូន…។ រំដួលមុខឡើងស្រពោនតែនាងនៅតែអះអាង៖ ខ្ញុំប្រកែកដែរតែម៉ែ មិនព្រម បងខ្ញុំមានវិធីចុងក្រោយមួយ តែខ្ញុំមិនក្លាហានធ្វើវាសោះ…ប្រាក់៖ ទេ ទេ ! អូន ប្រុងរត់តាមបង ! ទេមិនបានទេ! បងគោរពពុកម្តាយអូនណាស់ បងមិនអោយគាត់ខកចិត្តនិងអស់សង្ឃឹមមកលើបងឫក៏អូនទេ…

រំដួល៖ នរណាថាខ្ញុំរត់តាមបង ! កុំនិយាយផ្តេសផ្តាស ខ្ញុំមានវិធីរបស់ខ្ញុំ..បងចាំតែមើលទៅ..! (នារីរំដួលដើររ៉េវទៅបាត់ ទុកអោយកំលោះភ័យផងអរផង ឆ្ងល់ផង)

យប់នេះអាពីងកូនយាយឡាងនៅជិតផ្ទះវាមកបបួលប្រាក់អោយជូនវាទៅមើលកុនក្រណាត់ស នៅវត្ត! ប្រាក់ក៍ជូនអាពីងទៅ ស្រាប់តែជំពប់ជើងដួលភីងនិងបង្គោលឈើមួយ ក្បែររបងផ្ទះគេ គេនិយាយជាមួយបង្គោល៖ ពេលខ្ញុំមកវិញ ខ្ញុំនិងដកឯងចោល ឯងមិនជួយទេ ឃើញខ្ញុំមានទុកឯងនេះមកថែម…(គេក៏ដើរហួសទៅ) ពេលកុនចប់គេក៏ដើរមកវិញ គេជំពប់ជើងដួលម្តងទៀត គេខឹងណាស់ និយាយនិងបង្គោលទៀត ៖ ខ្ញុំមិនដែរខឹងនរណា ដូចខឹងឯងទេបង្គោល…(ឈ្លោះជាមួយបង្គោល អាពីងសើចចុកពោះ)។ យប់នេះគេដេកឈឺជើង គេយល់សប្តិឃើញបង្គោលនោះ (នេះប្រហែលជាខឹងខ្លាំងហើយ ធ្វើអោយគេភ្ញាក់ពីដំនេក) គេក៏ក្រោកក្រូក ចេញទៅបត់ជើងតូច គេក៏ដួលម្តងទៀតនិងបង្គោលនោះ ៖ ស្អែកឯងកុំស្មានថាខ្ញុំនិងទុកឯងអោយនៅធ្វើអោយខ្ញុំដួលទៀតបានអោយសោះ ! (គេដើរហួសទៅ ងាកមកមើលបង្គោលនោះម្តងទៀតដើម្បីចំណាំកន្លែង ស្រាប់តែគេឃើញប្រុសចាស់ម្នាក់អង្គុយក្បែរនោះ គេបែរមកវិញ រាងរន្ធត់ (យប់ថ្មើរនេះនរណាចូលមកក្នុងដីគេ) គេងាកម្តងទៀតក៏បាត់ទៅ គេដើរចូលផ្ទះយ៉ាងលឿន បិទទ្វារ រុំភួយលក់ទល់ភ្លឺតែម្តង (ចៅអើយចៅ ជីកបង្គោលនោះទៅចៅ…)

ស្រាប់តែមានមនុស្សមកអង្រួនទ្វារផ្ទះគេទាំងកណ្តាលព្រឹក ភាពអ៊ួរអរ និងឆោឡោ ក៏កើតឡើង សំលេងមីងអុក៖ អាប្រាក់អាថ្លើមខ្មៅឯងចេញមកនិយាយ និយាយជាមួយអាញ ឯងបានធ្វើអ្វីកូនស្រីអាញឯងចេញមក ! ប្រាក់៖ បើកទ្វារ ខ្វាក់ ២ដៃស្វាគមន៍ទាំងព្រឹក ចង់វិលក្បុង

(មួយរយៈពេលនេះដូចជាឈឺខ្លួនបន្តិចហើយ) រាងស្វាងយល់សប្តិ គេស្រែកសួរទាំងវង្វែង៖ តា តាជីបង្គោលនោះធ្វើអី (ស្រាប់តែមើលម្តងទៀតគឺមីងអុក) ៖ ចុះមីងមកវ៉ៃខ្ញុំធ្វើអី ខ្ញុំកំពុងតែយលសប្តិ ! (ស្រអែមនិងពូស៊ុមតាមមកដល់)៖ ម៉ែវា ឯងដើរលឿនដូចហោះតាមមិនទាន់ទេ ធ្វើម៉េចបើអង្ករក្លាយជាបាយហើយ កុំខឹងអីឯង(ប្រាក់រាងឡេឡឺ ចុះកើតស្អី គេនាំគ្នានិយាយពីស្អី) មីងអុក៖ ឯងដឹងទេអាប្រាក់ខ្ញុំខ្មាស់គេប៉ុណ្ណា ! ប្រាក់៖ មីងខ្មាស់គេរឿងអី ខ្ញុំមិនមែនមេភូមិឯណា មកប្តឹងខ្ញុំ (មីងអុកថែមមួយដៃទៀត) ផាំង៖ អ៊ូយ មីងវ៉ៃខ្ញុំធ្វើអី … (មីងនិយាយមិនចេញពូស៊ុមតបជំនួស)៖ នាងរំដួលថាវាបាន ជ្រុលជ្រោះខ្លួនជាមួយឯង វាប្រកែកមិនរៀបការទេ… ប្រាក់៖ អុញ រំដួល.. ទេ ខ្ញុំមិនបានធ្វើអីនាងទេ ! ខ្ញុំអត់ដឹងទេ (មីងអុកថែមមួយដៃទៀត)៖ឯងនេះ មិនទទួលខុសត្រូវទេ ធ្វើអ្វីហើយនៅប្រកែកទៀត កូនយើងវានិយាយពេញៗមាត់… ស្រអែម៖ ម៉ែ ម៉ែ កុំខឹងអី! បើដល់ថ្នាក់ហ្នឹងហើយ! យើងរៀបចំអោយវាទៅ ! កុំនិយាយនាំខ្មាស់ញាតិ គ្មាននរណាគេដឹងទេ មានតែក្រុមគ្រួសារយើងទេ ម៉ែកាត់ចិត្តខ្លះទៅ … ពូស៊ុម៖ តោះម៉ែវាទៅវិញ កុំខឹងអីឯង មីងនាងស្រលាញ់គ្នានិងប្រាក់ក៏អោយគេបានគ្នាជាម្តីប្រពន្ធទៅ !

(ប្រាក់ហួសចិត្តនិងរំដួលដែលប្រើវិធីនេះ គេមិនខឹងនឹងម្តាយនាងទេ គេក៏និយាយលួងលោមមីងអុក)៖ ចាំខ្ញុំចូលស្តីរំដួលតាមប្រពៃណីចុះមីង សូមមីងកុំអាក់អន់ចិត្តអី ខ្ញុំមិនអោយមីងអាប់មុខទេ… មីងអុក៖ ឯងមានប្រាក់៥ដំលឹងដូចកូនអ្នករឿនទេគេហានអោយថ្លៃទឹកដោះច្រើនណាស់ ! ប្រាក់៖ ចាំខ្ញុំគិតសិន (មិនបានធ្វើអីសោះបែរជាត្រូវរងគ្រោះ ប្រាក់អ្ហើយទៅរកប្រាក់ឯណា៥ដំលឹង..) ពូស៊ុម៖ ម៉ែវាអើយគ្នាអត់ក៏តាមអត់ទៅ កុំទៅបង្គាប់ថ្លៃយ៉ាងនេះឯង! ស្រអែម៖ ម៉ែ ម៉ែ !នេះគ្នាទទួលខុសហើយ ប្រសើរជាងវាមិនទទួលយករំដួលណាម៉ែ …ប្រាក់៖ ទេ ទេ ខ្ញុំនៅតែស្រលាញ់ និងទទួលនាងជានិច្ចទោះនាងក្លាយជាអ្វីក៏ដោយ….! (ម្នាក់ៗត្រឡប់ទៅផ្ទះវិញទាំងទឹកមុខស្រពោន រំដួលអើយរំដួល ស្នេហាអាចអោយអ្នកហ៊ានកុហកម្តាយឪពុក សង្ឃឹមថារឿងរ៉ាវនិងល្អប្រសើរឡើងវិញនៅពេលដែរប្រាក់អះអាងថាទទួលខុសត្រូវ) គេទៅធ្វើការដូចសព្វមួយដង ត្រឡប់មកវិញគេឈរចាំលួចមើលរំដួល នៅមាត់កំពងទឹក គេកាក់ផ្លូវនាង៖ រំដួល រំដួលឈប់ បងត្រូវម្តាយអូនទះ៤ដៃ ! ព្រោះតែអូន… រំដួល៖ ម៉េចបងសប្បាយចិត្តហើយនៅ ខ្ញុំមិនរៀបការជាមួយនរណាក្រៅពីបងទេ បងមិនទទួលខ្ញុំខ្ញុំស៊ូនៅព្រៅចុះ… ប្រាក់៖ បងគ្មានប្រាក់ដូចឈ្មោះបងទេអូន ! មិនដឹងថាឈ្មោះនេះគួរដូរចេញឫអត់ទេ..! រំដួល៖ ខ្ញុំមិនប្រាថ្នាប្រាក់ពីបងទេ តែខ្ញុំចង់បានបងប្រាក់ជាស្វាម៉ី ខ្ញុំចាំបង ទោះចាំដល់ចាស់ក៏ដោយ..(នាងនិយាយក៏ដើរហួសទៅបាត់ ទុកអោយប្រាក់ស្មុគស្មាញតែឯង..) ព្រលប់ៗ គេដើរត្រឡប់ទៅវិញក៏អង្គុយលើបង្គោលឈើដែលគេតែងតែជំពប់ជើងដួល ស្រាប់តែមានតាចាស់ម្នាក់ មកគោះខ្នងគេពីក្រៅហើយ៖ ចៅអើយចៅ កុំកើតទុក្ខអី ជីកបង្គោលនេះទៅ ចៅនឹងបានសេចក្តីសុខ… ប្រាក់តបទាំងមិនបែរខ្នងមើលទេ៖ ទោះជាយ៉ាងក៏ត្រូវតែជីកបង្គោលនេះ ខ្ញុំដើរដួលត្រង់នេះស្ទើរគ្រប់ពេលហើយ…! សំលេងតាចាស៖ រឿងអីមិនដួល បើតាជាអ្នកចាប់ជើងឯងអោយដួល.. ប្រាក់ងាកមើលក្រោយ៖ ស្រាប់តែបាត់មនុស្សនិយាយនោះសូន្យឈឹង (យីស..និយាយជាមួយនរណាគេអំបាញ់មិញនេះ..រកមើលក៏អត់ឃើញដែរ ខ្មោចលងទេដឹង) ប្រាក់ប្រុងនឹងរត់តែជំពប់ជើងដួលលាន់សូរភីង.. គេស្ទុះវឹង ទៅជំនីក មកជីកបង្គោលនោះទាំងខឹង ទាំងខ្លាច ស្រាប់តែរំពេចនោះ គេឃើញក្រឡមួយបិទជិត គេលើកយកមកទាញបង្គោលនោះចេញ ! គេយកក្រឡនោះទៅទុកក្រោយផ្ទះ រួចក៏ងូតទឹកសំអាតខ្លួនហូបបាយ ចូលសំរាក លក់លីវៗលឺសំលេងហៅ៖ ប្រាក់ ម្ត៉េចចៅយកក្រឡទៅទុកក្រោយផ្ទះ យកមកបើកមើលមកចៅ ចៅនឹងបានអ្វីដូចប្រាថ្នា កុំប្រាប់នរណាអោយសោះណាចៅតា (ប្រាក់បើកទ្វាស្ទុះទៅយកក្រឡ មកបើកមើល គេភ្ញាក់ហើយបើកភ្នែកធំៗ៖ សុទ្ធតែមាស ! ខ្ញុំមិនមែនយលសប្តិទេមែនទេ ? (ប្រាក់អរជាពន់ពេក គេហាក់មានសង្ឃឹមគេ លើកដៃប្រណម បួងសួង ថ្លែងអំណរគុណដល់អ្នកដែលតាមថែរក្សាគេ អំពើល្អទោះ មើលរំលង តែទេវតាគង់មានភ្នែក) រំលងបានមួយខែក្រោយមក គេក៏អោយចាស់ទុំចូលស្តីដណ្តឹងរំដួល និងអោយថ្លៃទឹកដោះ ៥ដំឡឹង ម្តាយរំដួលញញឹមញញែម ម្នាក់ៗឆ្ងល់ថាប្រាក់បានមាសមកពីណា គេក៏ប្រាប់ថាជាកេរ្តិ៍របស់ជីតាបន្សល់ទុកអោយ។ក្រោយរៀបការប្រាក់ក៏ប្រគល់មាស អោយប្រពន្ធ គេនិយាយនឹងនាងថា៖ រំដួលបងជួនប្រាក់នេះអោយអូន ចាត់ចែង មានគោលបំណងធំ៣យ៉ាង ទីមួយបងធ្វើបុណ្យឧទ្ទិសដល់ខ្មោចដែរធ្លាប់ជួប និងឪពុកម្តាយជីដូនជីតា បំនងទីពីរ៖ បើកកន្លែងប្រមូលទិញសិប្បកម្មរបស់អ្នកភូមិ សំរាប់ជួយដល់ក្មេងកំព្រានិងចាស់ទីទាល់ក្រ ទីបី៖ ទិញសំភារៈកសិកម្មផ្សេងៗ។ រំលងបាន២ឆ្នាំក្រោយមក លោកប្រាក់បានជំនួយឧបត្ថមដល់មជ្ឃមណ្ឌលក្មេងកំព្រា និង រោងសិប្បកម្ម ទាំងពីររបស់គាត់ (រួមមានផលិតផលធ្វើពីដើមត្នោត)  ភ្ញៀវ២នាក់ដែរគាត់បានរើកាបូបលុយកាលពីលើកមុន បានមករកគាត់ហើយជួយឧបត្ថមដល់មណ្ឌលគាត់ ហើយប្រពន្ធគាត់ជាអ្នកបង្រៀនកាត់ដេរដល់ស្រ្តីក្នុងភូមិ មនុស្សល្អដូចប្រាកពិតជាមានមែននៅលើទឹកដីអង្គរនេះ ខ្ញុំក៏គោរពគាត់ណាស់ដែរ ខ្ញុំត្រូវបានគេពឹងពាក់អោយជួយរកបុរស ឈ្មោះប្រាក់ពីភ្ញៀវទេសចរណ៍មួយក្រុម នៅក្នុងភូមិមួយ ខ្ញុំបានជួបគាត់ ដូចមានអភូតហេតុបណ្តាលអោយប្រកដមែន ថ្វីត្បិតតែសំដីរឌឺនរបស់គាត់ ខ្ញុំស្តាប់មិនសូវបាន តែការរៀបរាប់ប្រវត្តិរបស់គាត់ម្នាក់ៗពិតជារីករាយ និងបានជួបមនុស្សល្អដូចគាត់។ តែក៏កុំជឿការនិទានរបស់ខ្ញុំ១០០% ជីវិតជាក់ស្តែង មិនដូចអ្វីទាំងស្រុងក្នុងការនិទាន និងពិតជាទទួលបានជោគជ័យពិតប្រាកដនោះឡើយ តោងតែពិចារណាអោយបានច្បាស់លាស់។

សូមមេត្តាខន្តីអភ័យទោសរាល់កំហុសឆ្គង ការសរសេររឿង ក្នុងគោលបំណងអប់រំ  ជាការលំហែកំសាន្តពេលទំនេរ និងចែករំលែក ពិភាក្សាយោបល់ពីមិត្តអ្នកអាន ខ្ញុំគ្មានអាជីពឫជំនាញច្បាស់លាស់ ក្នុងការតែងនិពន្ធនោះទេ បើពាក្យមិនសមរម្យដោយប្រការណាមួយ សូមមេត្តាអធ្យាស្រ័យ។​ នាងខ្ញុំរងចាំការរិះគន់ ដោយក្តីគោរពរីករាយ !!!

ចប់ដោយបរិបូរណ៍

ម៉ុន ចន្នី

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានភាគវែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to រឿង៖​ Mr. Money (ទឹកចិត្តស្មោះរបស់ប្រាក់)

  1. ស្រឡាញ់ត្រង់ឈុត មីងនិងពូស៊ុមគាត់ឈ្លោះគ្នាដល់ហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s