រឿងខ្លី ៖ សុបិនឃើញខ្មោច

រៀបរៀងដោយ៖ Mon Channy

សុភា កាលពីសប្តាហ៍មុន នាងបានទៅលេងផ្ទះជីដូន នាងគេងនៅក្នុងបន្ទប់របស់សុភី ដែលជា បងស្រី ទើបតែស្លាប់កាលពីអាទិត្យមុន។
សុភា មិនដែលនិយាយថាខ្លាចខ្មោចបងស្រីទេ មានតែនឹករលឹក ដល់កាលដែលធ្លាប់រស់នៅជាមួយនឹងបងស្រី ហើយគេងជុំគ្នាក្នុងបន្ទប់នេះ។
គ្មាននរណានិយាយអ្វីទេក្រៅពីពោលថា៖ ស្រីក្រមុំអាយុ ២៦ឆ្នាំ ស្លាប់ទាំងវ័យក្មេង មានតែភាពសោកស្តាយ ចំពោះនាង ដែលបានជោយជ័យក្នុងការងារ ក្នុងការរៀនសូត្រ តែកម្មអកុសលផ្តល់ឲ្យមនុស្សមិនទៀងទាត់ឡើយ គ្មាននរណាគេចផុត គ្រាន់តែមុននឹងក្រោយតែប៉ុណ្ណោះ។
ក្នុងរាត្រីដំបូង សុភា បានលឺសម្លេងល្វើយៗ របស់សុភី ហៅនាងដោយក្តីឈឺចាប់… សុភាភ្ញាក់ក្រញាង ទាំងកណ្តាលរាត្រី ហើយភ័យតិចៗ ហាក់ដូចជាមានអ្វីម្យ៉ាងចង់ប្រាប់នាងអំពីអ្វីមួយ..???
ក្រោកពីព្រលឹមជីដូនរបស់នាងដែលរាងវង្វែងតិចៗ ព្រោះគាត់អាយុ៨១ឆ្នាំហើយ កំពុងអង្គុយរអ៊ូម្នាក់ឯង ហាក់ដូចជាសោកស្តាយ និងក្រៀមក្រំ តែអ្នកនៅក្នុងផ្ទះ ពុំបានចាប់អារម្មណ៍ ព្រោះគាត់ចាស់ ហើយនិយាយតែម្នាក់ឯងមកជាប្រចាំ ៖ សុភីចៅស្រី ចៅមិនទាន់ស្លាប់ទេហេតុអ្វី ក៏គេយកចៅទៅកប់?ចៅយាយចៅវេទនាយ៉ាងណា ! ហ៊ីហ៊ីហ៊ីហ៊ី (គាត់យំយ៉ាងសោកសង្រេក ធ្វើឲ្យសុភា ឈរស្តាប់ស្ទើរទ្រាំទប់ទឹកភ្នែកមិនបាន)
នាងលួងលោមដូនចាស់៖ យាយ បងភី គាត់តៅបានសុខហើយ យើងទេដែលនៅរស់ទើបនៅមានកម្មណាយាយ កាត់ចិត្តទៅយាយ ! មោះមោរ ! ចៅនាំយាយទៅ ពិសារបបរណាយាយណា…
យាយតប៖ ស្រីភាចៅ ជឿយាយទៅស្រីភី មិនទាន់ផុតដង្ហើមទេ តែគេយកនាងទៅកប់ ដោយគ្មាននរណាជឿយាយទេចៅ…
ភា៖ បានបាន ! ចៅជឿយាយ ! តែពិសារបបរសិនទើបចៅជឿទាំងអស់ !
យាយ៖ សន្យាណាចៅថាជឿយាយ… !
សុភាខំលួងលោមយាយរហូតគាត់ស្ងប់ចិត្ត នាងតែងតែលឺ យាយនិយាយបែបនេះជាងមួយអាទិត្យហើយ ពីមុនៗគ្រាន់តែរអ៊ូរទាំរឿងផ្សេងៗ តែនាងក៏មិនបានចាប់អារម្មណ័អ្វីឡើយ រក៏អាចមកពីគាត់រន្ធត់ចិត្តពេលបាត់បង់ចៅស្រី ហើយមិនអាចទទួលយកការពិតបាន។
រាត្រីកាលចេះតែធ្វើឲ្យមនុស្សខ្លាច ព្រោះភាពងងឹត បាំងបិទចក្ខុរបស់មនុស្ស សម្រស់ស្រស់ត្រកាលទាំងឡាយក៏មិនអាចនឹងមើលចាក់ឆ្លុះ ចុះហេតុអ្វី សុភា បែរជាចុះកាំជណ្តើរ ក្នុងរ៉ូបរាត្រី ពណ៌សស្គុសដូចគ្មានវិញ្ញាណដើរសំដៅទៅទីវាលកប់ខ្មោច តែម្នាក់ឯងបែបនេះ?
សំលេងហៅល្វើយៗ របស់ស្រីម្នាក់ យ៉ាងគ្រលួច យ៉ាងឈឺចាប់ វេទនា លាយឡំដោយទឹកភ្នែក ៖ នាងកំពុងអង្គុយយំលើផ្នូរ ហើយនិយាយទៅកាន់ប្អូនស្រី ! ស្រីភា បងនៅឯណោះប្អូន បងនឹកគ្រប់ៗគ្នានៅក្នុងផ្ទះណាស់ ជាពិសេសនឹកយាយ មានតែយាយទេទើបដឹងថាបងពិបាកយ៉ាង បងនៅក្នុងមឈ្ឈូស ហប់ខ្យល់ក្តៅក្រហល់ក្រហាយ ស្រែកទឹក ឃ្លានបាយ ហៅនរណាក៏គ្មានអ្នកលឺ មានតែភាពងងឹត បងខ្លាច បងវេទនាណាស់ជួយយកបងចេញពីក្នុងផ្នូរផង ! យកបងទៅបូជា កុំទុករូបរាងបងឲ្យនៅបែបនេះ បងសុំអង្វរ !
សុភាភ្ញាក់ដូចគេដាស់ នាងបែកញើសជោគ ដោយភាពតក់ស្លុត តើនាងកំពុងយល់សប្តិ ឫក៏ជាការពិត តើបងស្រីនាងពិតជាមិនទាន់ស្លាប់មែនឫ ហើយតើពិតទេដែលក្រុមគ្រួសារសារនាង យកនាងទៅកប់ទាំងដែលនាងមិនទាន់ស្លាប់។ ទាំងគ្រូពេទ្យ សុទ្ធតែបញ្ជាក់ហើយថានាងស្លាប់បាត់ហើយ ព្រោះគ្មានដង្ហើម នាងគេងឈឺមកជាយូរថ្ងៃរហូតដល់ មិនបានបរិភោគចំណីអាហារអ្វី សូម្បីបន្តិច តើរស់នៅបានយ៉ាងដូចម្តេច?
សុភា រត់ចេញពីបន្ទប់ទៅរកឪពុកម្តាយ ហើយប្រាប់រឿងដែលនាងបានយល់សុបិនស្រាប់តែជើងនាងឈឺជាខ្លាំង ហាក់ដូចជាបានដើរអត់ស្បែកជើងមុតថ្ម មុតបន្លា ហើយប្រឡាក់ទៅដោយភក់ជ្រាំពេញជើងនិងរ៉ូបរបស់នាង។ តើពិតទេនាងបានទៅដល់វាលកប់ខ្មោចព្រោះការអន្ទង់ហៅរបស់បងស្រីនាង?
ចំងល់ទាំងឡាយត្រូវបានបកស្រាយនៅវេលាព្រឹកនេះ គ្រូបញ្ជាន់អារក្យ ចូលរូបបានលេងភ្លេងទ្រហឹងអឺងកង ស្រែកយំ ដោយសំលេងឈឺចាប់ ៖ ម៉ែៗ ហេតុអ្វីក៏យកកូនទៅកប់ទាំងកូនមិនទាន់ស្លាប់ ព្រលឹងកូនគ្រាន់តែចេញពីខ្លួន មិនទាន់ចូលរូបវិញ ! ម្ត៉េះក៏ធ្វើបែបហ្នឹង? នាងយំក្នុងរូបរបស់អ្នកផ្សេង……។
ភាពមន្ទិលសង្ស័យក៏កើតឡើង នេះប្រហែលជានាងសុភី ឈឺភ្លឹក មិនដឹងខ្លួនជាយូរថ្ងៃ ហើយយើងគិតថាសម័យនេះគ្រូពេទ្យមានវិជ្ជាជីវៈ យើងជឿលើគ្រូពេទ្យគ្រប់គ្នាដែលជាទីពឹងចុងក្រោយ តែអបិយជំនឿរបស់ខ្មែរក៏មិនអាចនឹងមើលរំលងផងដែរ។
អ្នកជិតខាងរួមមានបុរសៗមាឌធំៗជាច្រើនព្រមទាំងក្រុមគ្រួសាររបស់សុភា នាំគ្នាជីកគាស់ ហើយបើកគំរប់ក្តាមឈ្ឍូស ភាពឆោឡោក៏កើតឡើង នារីម្នាក់មុនដំបូងដេកសណ្តូកយ៉ាងស្តូកស្តឹងគ្មានជីវិត តែបែរជាគេងអោបដៃ មាត់មានស្នាមឈាម ដោយការខាំម្រាមដៃ សសេរលើគំរបមឈ្ឍូស ដោយឈាមរបស់នាងផ្ទាល់៖ (ពុកម៉ែ ហេតុអ្វីយកកូនមកកប់ទាំងកូនមិនទាន់ស្លាប់) !!
អ្នកដែលបានឃើញហេតុការនេះស្ទើរស្រែកទ្រហ៊ូយំដោយអាណិតនាង ព្រោះពេលនេះនាងស្លាប់មែនទែនហើយ សភាពរបស់នាងដូចជាទើបនឹងស្លាប់ថ្មី ៗគ្មានក្លិនស្អុយ គ្មានសត្វអ្វីមកយ៉ាយី ទោះជាកប់បានជាងមួយអាទិត្យក៏ដោយ។
គ្រួសារនាងលើកនាងចេញពីមឈ្ឈូសហើយលាងសំអាតខ្លួននឹងឈាមលើក្រចកដៃនាង ហើយធ្វើបុណ្យម្តងទៀត ដោយការបូជាតាមសំណើររបស់នាង៕
ចប់បរិបូណ៍

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s