ក្តីទុក្ខកើតចេញពីស្អប់
(Free yourself from heated)
ហេតុអ្វីក៏ជីវិតមនុស្សជួបបញ្ហាមិនចេះចប់ ទោះវាកើតឡើងជាង២០ឆ្នាំក៏ដោយ ក៏វាជាអតីតកាលដ៏ជូរជត់ គ្រួសាររបស់ខ្ញុំ តែងតែមានរឿងមិនចេះចប់ ហើយរឿងទាំងនោះ ខ្ញុំមិនអាចខាំមាត់មិនគិតបានទេ ហើយគ្រប់ពេលដែលមានជម្លោះកើតឡើង ខ្ញុំហាក់ដូចជាផ្ទាំងស៊ីប ដែលត្រូវគេបាញ់យ៉ាងសុះសាច់ ហើយទឹកភ្នែកជាច្រើនដែលហូរមក ក្នុងរយះពេល ច្រើនឆ្នាំមកនេះ នៅតែមិនអាច លុបលាង ក្តីស្អប់ គំនុំ ក្នុងចិត្តបានឡើយ តើហេតុអ្វី មិនអាចរំសាយ ចិត្តស្អប់មួយនេះបាន។
កាលនោះខ្ញុំ ធំដឹងក្តីខ្លះហើយ ហើយល្មមនឹងដឹង ថា ឪពុកខ្ញុំមានប្រពន្ធចុងម្នាក់ទៀត ហើយម្តាយរបស់ខ្ញុំ យំស្ទើររាល់ថ្ងៃ យំព្រោះចិត្តក្បត់ យំព្រោះ កូនស្រីតូចម្នាក់ទៀត កំពុងចាប់ផ្ទៃក្នុងពោះ ហើយការលះលែង បានចប់សព្វគ្រប់ ល្មមសមដែលភរិយាថ្មី អាចគ្រង ទ្រព្យសម្បិត្ត ដែលឪពុកខ្ញុំរកបាន យ៉ាងច្រើននោះ ធ្វើជារបស់ខ្លួន…។
មិនយូរប៉ុន្មាន ប្អូនស្រីកម្សត់របស់ខ្ញុំក៏កើតមក ខ្ញុំសម្លឹងមើលគេដោយក្តីស្រឡាញ់ តែគ្រប់ពេលដែលខ្ញុំនៅក្បែរនាង នាងស្រែកយំមិនឈប់ឈរឡើយ ម្តាយខ្ញុំតែងតែដេញខ្ញុំចេញគ្រប់ពេល ខ្ញុំមានអារម្មណ៍ថា នាងដណ្តើមក្តីស្រឡាញ់ពីខ្ញុំអស់ហើយ នេះជាគំនិតក្មេងវ័យរបស់ខ្ញុំ ខ្ញុំតែងតែឯកា ខ្ញុំ មិនពេញលេញ ដូចគ្រួសារដទៃទៀត ដែលមានម្តាយឳពុក ប្អូនប្រុសស្រី រស់ជុំគ្នាមូរមីឡើយ។ រាល់ថ្ងៃខ្ញុំលេងម្នាក់ឯង ញុំាបាយម្នាក់ឯង ហើយគេងតែម្នាក់ឯង ខ្ញុំតែងតែយំ ហើយជូតទឹកភ្នែកតែម្នាក់ឯង ជារៀងរាល់ថ្ងៃ។
កន្លងទៅជាង៣ឆ្នាំ ប្រពន្ធចុងរបស់ឪពុកខ្ញុំ បានស្លាប់ ហើយគាត់បន្សល់ទុក កូនប្រុសម្នាក់ ជាកូនរបស់ឪពុកខ្ញុំ។ ការជួបជុំរបស់ម្តាយឳពុកខ្ញុំ ក៏បានត្រឡប់មកវិញ រួមទាំងកិច្ចសន្យា ព្រមទទួលយកកូនចុង ប្រុសនោះមកចិញ្ចឹម ក្រោមដំបូលតែមួយ ជីវភាពលំបាក ខ្វះខាតខាងរៀនសូត្រ ចំណីអាហាររបស់ខ្ញុំប្រសើរវិញហើយ ខ្ញុំលែងលំបាក អត់ឃ្លាន ខ្ញុំអាចរៀនសូត្រពេញបរិបូណ៍ដោយមិនបាច់ជួយម្តាយខ្ញុំរកស៊ី នេះជាការរីករាយ ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ឳពុកខ្ញុំជាមនុស្សពូកែរកស៊ីណាស់ គ្រួសារមួយនេះថ្កុំថ្កើន ព្រោះស្នាដៃគាត់ ម្តាយខ្ញុំពេលនេះត្រឹមជាមេផ្ទះ មិនហត់នឿយព្រឹកល្ងាចដូចមុនទៀតទេ។
ពីក្រោយភាពរីករាយទាំងនេះ មានរឿងជាច្រើន ដែលស្មានមិនដល់ ម្តាយខ្ញុំមានគំនុំយ៉ាងធំធេងជាមួយ កូនប្រុសភរិយាទី២ ខ្ញុំឃើញភាពស្អប់ខ្ពើមទាំងនោះនៅស្រស់នឹងភ្នែក គាត់តែងតែជេរប្រមាទ វាយដំក្មេងនោះជារឿយៗ។ ខ្ញុំតែងតែលួចសួរក្នុងចិត្ត ថាក្មេងតូចនោះមានកំហុសអ្ចីទៅ គេគ្រាន់តែកើតមកជាកូនប្រពន្ធចុងប៉ុណ្ណោះ តែខ្ញុំគ្មានលទ្ធភាពអ្វី ទៅប្រដៅមនុស្សចាស់ កែប្រែការគិតរបស់ពួកគាត់បានទេ អ្វីដែលខ្ញុំធ្វើបាន បានត្រឹមតែធ្វើល្អដាក់ក្មេងនោះ យ៉ាងយោចណាស់គេជាប្អូនប្រុសរបស់ខ្ញុំម្នាក់ទៀត យើងមានឳពុកជាមួយគ្នា គ្រាន់តែកើតក្នុងផ្ទៃខុសគ្នា ប៉ុណ្ណោះ។ ហើយអ្វីដែលខ្ញុំចង់បាន ត្រឹមឃើញម្តាយខ្ញុំ ចាកចេញពីភាពស្អប់ខ្ពើម ចាកចេញពីគំនុំ ខ្ញុំចង់ឃើញគាត់រស់នៅ ដោយអារម្មណ៍ល្អ រស់នៅដោយក្តីស្ងប់ ខ្ញុំតែងសន្យា នឹងខ្លួនឯងថា នឹងធ្វើឲ្យអ្នកទាំងពីរ ងាកមកស្រឡាញ់គ្នា។ តើខ្ញុំគួរធ្វើយ៉ាងណា? នេះជាសំនួរ ដែលខ្ញុំខ្លួនឯងពិបាក នឹងរកចម្លើយ ! តើមិត្តអ្នកអាន មានយោបល់យ៉ាងណា?
សៀមរាប ០១ មករា ២០១៦
រៀបរៀងដោយ ចន្នី
ជីវិតគឺយ៉ាងនេះហើយ។ គ្រប់គ្នាតែមានទុក្ខ គ្រាន់តែអាស្រ័យតាមបុគ្គលម្នាក់ៗថា តិចឬច្រើនតែប៉ុណ្ណោះ។ បើយើងបានគិតទុកជាមុនថា ទុក្ខនឹងមកដល់លើគ្រប់គ្នា បើមិនទុក្ខនេះ ក៏នោះដែរ។ នៅពេលទុក្ខមកដល់ នោះយើងនឹងយល់ថា គ្មានអ្វីចម្លែកទេព្រោះថាយើងដឹងថានឹងមានទុក្ខមកដល់។ ប៉ុន្ដែ នៅពេលយើងមិនដែលសូវគិតអំពីទុក្ខថានឹងមានមកដល់ នៅពេលវាមកដល់ នោះយើងនឹងមានអាចរម្មណ៍មិនអាចទទួលយកបាន ឬ ខ្លះថា ហេតុអ្វីខ្ញុំមានទុក្ខខ្លាំងម៉្លេះ? ហេតុអ្វីទុក្ខខុសគេ? តាមពិតជីវិតគឺយ៉ាងនេះហើយ។ ដូច្នេះ សូមសម្រួលអារម្មណ៍ទទួលយក និង ដោះស្រាយបន្តិចម្ដងៗតាមជំហាននីមួយៗឱ្យបានច្បាស់លាស់។ (ខុសឆ្គងសូមអធ្យាស្រ័យផង)។
ត្រឹមត្រូវខ្លាំងណាស់ ! ខ្ញុំទើបតែបានតប ! ខ្ញុំអើយ ពិតជារវល់ខ្លាំងមែនហើយ !
ចុះឥឡូវ?
ពួកគាត់ ដូចទឹក នឹងប្រេង ! រស់នៅបែកគ្នា ! បែបនេះ សង្គ្រាម មិនសូវ ផ្ទុះ !
យេស ព្រោះរឿង២០ឆ្នាំហើយ