សួស្តី ប្រិយមិត្ត  wordpress ជាទីនឹករលឹក !

មួយឆ្នាំកន្លងទៅនេះ ខ្ញុំពុំដែលមានពេលមកអើត ឬយកចិត្តទុកដាក់ នៅទីនេះសោះ រឹតតែមិនបានអានសារល្អៗ មានអត្ថប្រយោជន៍ជាច្រើន គួរឲ្យស្តាយណាស់ ! ខ្ញុំរវល់តែនឹងការងារចិញ្ចឹមជីវិត ហើយមានមនុស្សជាច្រើន ក៏បានចាកចេញពីជីវិតខ្ញុំទៅ ដូចជាប្អូនប្រុស​ជីដូនមួយ ២នាក់ បានលាចាកលោកនេះទៅទាំងវ័យក្មេង លោកយាយរបស់ខ្ញុំឈឺជាទម្ងន់ លោកឪពុក ក៏ជំងឺចាស់រើសឡើងវិញ មិត្តរបស់ខ្ញុំជាច្រើនគូរ ក៏រៀបការអស់ ខ្ញុំត្រូវចងដៃពួកគាត់​ ​(ហឹុម!!!) ខ្ញុំមានទុក្ខ និងក្តីរីករាយ លាយឡំគ្នា យ៉ាងច្រើនជាងឆ្នាំមុនៗ តែនេះគឺជា ឆាកជីវិត។ ខ្ញុំមួយឆ្នាំមកនេះ ក្រៅពីការងារ ខ្ញុំសំងំអានសៀវភៅ ស្តាប់ធម៌ ដូចជាដូនជី ចិត្តក៏បានត្រឹម ស្ងប់ស្ងាត់ឡើងបានខ្លះៗ ហើយទទួលយកនូវការពិត ដែលកំពុងតែបាត់បង់ទៅដោយមិនអាចប្រកែកបាន នាពេលខាងមុខ។

ក្នុងដំណាច់ឆ្នាំនេះ ខ្ញុំបានជួបមិត្តចាស់ៗដែលរៀននៅវិទ្យាល័យ ពួកយើងជាច្រើននាក់ បានធ្វើការងារ មនុស្សធម៌ ខ្ញុំពិតជារីករាយខ្លាំងបំផុត ថ្វីបើឆ្នាំនេះ ខ្ញុំ គ្មានកញ្ចប់ថវិកា ក្នុងដំណើរកំសាន្តក៏ដោយ ក៏ការងារនេះ ជំនួសបានដោយប្រពៃ និងរីករាយបំផុត។

ជីវិតនេះចម្លែកណាស់ ខ្ញុំខ្លាចការបាត់បង់ ខ្ញុំខ្លាចការឈឺចាប់ ខ្លាចភាពអយុត្តិធម៌ ខ្លាចការនឿយហត់ ខ្លាចការលំបាក ខ្លាចគ្រប់យ៉ាង រហូតខ្ញុំ គិតថាខ្ញុំ អាត្មានិយម​ ដែលគិតតែខ្លាចហើយមិនដោះស្រាយវា ទើបខ្ញុំប្រើ សតិ គិតសារជាថ្មី ថាតើខ្ញុំ ត្រូវប្រឈប់មុខជាមួយវាយ៉ាងណា ខ្ញុំបានដោះស្រាយវាមកយ៉ាងល្អ ខ្ញុំឆ្លងកាត់ឧបសគ្គ បានដោយរឹងពឹង ខ្ញុំមានស្នាមញញឹម ដែលខ្ញុំបានបង្កើតវាឡើងដោយខ្លួនឯង ខ្ញុំបានយកឈ្នះចិត្តខ្លួនឯង ខ្ញុំមានខ្លួនឯងជាទីពឹង រាល់ថ្ងៃដែលខ្ញុំភ្ញាក់ឡើង ខ្ញុំមានក្តីសង្ឃឹម ខ្ញុំគិតវិជ្ជមាន ខ្ញុំធ្វើតែអំពើល្អ ស្មោះត្រង់ និងយកចិត្តទុកដាក់ មិនថាការងារ ឬគ្រួសារ  ខ្ញុំគ្មានពិភពឯកា គ្មានការភ័យខ្លាច ឬមានអារម្មណ៍មួរហ្មង ឬចងចិត្តខឹងសម្បារ ស្រឡាញ់ហួងហែង នឹងនរណាឡើង។ ខ្ញុំជ្រើសរើសឲ្យខ្លួនឯងមានសេរីភាព ខ្ញុំជ្រើសរើសការរស់នៅដ៏ សាមញ្ញបំផុតមួយ ដែលចាកចេញ ពីភាពសីុវីល័យ ដ៏ឥតខ្លឹមសារ ពិភពមិនពិត ការស្រម៉ៃឥតគោលដៅនិង បោកប្រាស់បន្លំចិត្ត។

ជឿខ្ញុំទៅ បើអ្នកធ្វើអំពើល្អ គោរពដឹងគុណ មិនថាឡើយ ចំពោះមាតាបិតា គ្រូអាចារ្យឬញាត្តិមិត្ត ធ្វើបុណ្យទានសន្សំ កុសល សន្សំសេចក្តីស្ងប់សុខ អប់រំក្នុងចិត្តសណ្តាន ជារឿយៗ និងសេពគប់បណ្ធិត ស្តាប់ឪវាទ ព្រះពុទ្ធ ព្រះធម៏ ព្រះសង្ឃ ស្វែងយល់និងដោះស្រាយ ចិត្ត និង ជីវិតតាមបែបព្រះពុទ្ធសាសនា នោះ អ្នកនិងមានក្តីសុខជាក់ជាមិនខាន ទោះអ្នកគ្មានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភ ឬអ្វីផ្សេងៗក៏ដោយ។

ចុងបញ្ចប់ ខ្ញុំសូមជូនពរ មិត្តអ្នកអានឲ្យជួបតែក្តីសុខ !

រាត្រីសួស្តី

21/01/18

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង ថ្ងៃនេះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to មួយឆ្នាំកន្លងផុតទៅ

  1. ធ្វើម្ដេចនោះជាធម្មជាតិនៃជីវិត។ រីករាយដែលឃើញមុខសារជាថ្មី។

  2. រដ្ឋ ថា:

    មួយ​ឆ្នាំ​មិន​ថ្វី​ទេឱ្យ​តែ​មក​វិញ ខ្ញុំ​ធ្លាប់​បាត់​ខ្លួន​3-4ឆ្នាំ​ពី WordPress ព្រោះ​តែ​របរ​ចិញ្ចឹម​ជីវិត​ដែរ

ទំលាក់ មួយចំលើយតប ទៅ រឿងរបស់ខ្ញុំ​ (My days) បោះ​បង់​ការ​ឆ្លើយ​តប